លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា
បន្ទាយមានជ័យ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលា “ផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីយន្តការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR)” ក្រោមកិច្ចសហការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងសាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត កងរាជអាវុធហត្ថ រដ្ឋបាលសាលាខេត្ត ពន្ធនាគារខេត្ត មន្ទីរ អង្គភាព តំណាងសាលាស្រុក និងស្ថាប័នពាក់ព័ន្ធនានា អង្គការសង្គមស៊ីវិល ព្រមទាំងយុវជន ស.ស.យ.ក. ខេត្ត សរុបចំនួន ២០០នាក់។
នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា យន្តការ UPR គឺជាយន្តការដ៏សំខាន់តែមួយគត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលផ្តល់ឱកាសឱ្យប្រទេសសមាជិកទាំងអស់ចែករំលែកនូវឧត្តមានុវត្តន៍ និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកលើវិស័យសិទ្ធិមនុស្ស។ ប្រទេសកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងយន្ដការនេះចំនួនបួនជុំរួចមកហើយ ជាក់ស្ដែងសម្រាប់ជុំទីបួន មានប្រទេសសមាជិកអង្គការសហប្រជាជាតិចំនួន ១០០ បានចូលរួមផ្តល់អនុសាសន៍លើករបាយការណ៍ជាតិរបស់កម្ពុជា សរុបចំនួន ២៧៥អនុសាសន៍ ដែលអនុសាសន៍ភាគច្រើនជាការកោតសរសើរ លើកទឹកចិត្ត និងជំរុញឱ្យកម្ពុជាបន្តអនុវត្តកម្មវិធីគោលនយោបាយ និងផែនការយុទ្ធសាស្ត្រផ្សេងៗបន្តទៀតសំដៅពង្រឹងវឌ្ឍនភាពលើគ្រប់វិស័យ។ ការណ៍នេះ បានឆ្លុះបញ្ចាំងពីការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែង និងការដាក់ចេញនូវចក្ខុវិស័យដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីអតីតតាលដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតមកដល់បច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយភាពឆ្លាតវៃរបស់ សម្តេចមហាបវរធិតបតី ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សរបស់ប្រជាជនទូទៅស្របតាមច្បាប់និងលិខិតតុបករណ៍សិទ្ធិមនុស្សអន្តរជាតិ រួមទាំងបរិបទជាក់ស្ដែងនៃសង្គមកម្ពុជា។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា តាមរយៈការចេញញត្តិថ្កោលទោស និងដាក់ពាក្យបណ្តឹងទៅកាន់យន្តការសិទ្ធិមនុស្សតំបន់ និងអន្តរជាតិចំនួន ៦០ច្បាប់ ព្រមទាំងការបំពេញបេសកកម្មសិទ្ធិមនុស្សនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដោយជួបពិភាក្សាទ្វេភាគីចំនួន ២៩ជំនួប ជាមួយបណ្តាប្រទេសសមាជិក ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងថ្នាក់ដឹកនាំនៃស្ថាប័ននានារបស់អង្គការសហប្រជាជាតិ កាលពីខែមីនា ឆ្នាំ២០២៦ កន្លងទៅ ព្រមទាំងចុះសួរសុខទុក្ខកងទ័ព និងជនភៀសសឹកចំនួន ១០លើក ផងដែរ។ ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋរងគ្រោះយ៉ាងមានប្រសិទ្ធភាពក្នុងអំឡុងពេលឈ្លានពានរបស់ភាគីថៃទាំងពីរលើករហូតមកដល់បច្ចុប្បន្ន។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកិច្ចសហការរបស់រដ្ឋបាលខេត្ត ក្នុងការផ្សព្វផ្សាយរបាយការណ៍ UPR នាពេលនេះ ដែលបង្ហាញពីការយកចិត្តទុកដាក់ និងជាការរួមចំណែកក្នុងការបំពេញកាតព្វកិច្ចក្រោមច្បាប់ និងយន្ដការសិទ្ធិមនុស្សអន្តរជាតិជាមួយរដ្ឋាភិបាលក្នុងការអនុវត្តអនុសាសន៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកិត្យានុភាពជាតិនៅឆាកតំបន់និងអន្តរជាតិ ក៏ដូចជាឧត្តមប្រយោជន៍របស់ប្រជាជនខ្មែរទូទៅផងដែរ៕