សង្គម

សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយដៃគូពាក់ព័ន្ធ បើកវគ្គបណ្តុះបណ្តាលស្តីពី ការកសាង និងការពង្រឹងសមត្ថភាពអាជីវកម្ម ដល់ពាណិជ្ជករ និងម្ចាស់អាជីវកម្ម

image


ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា រួមសហការជាមួយដៃគូពាក់ព័ន្ធ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការកសាង និងការពង្រឹងសមត្ថភាពអាជីវកម្ម ក្រោមប្រធានបទ៖ មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍផែនការអាជីវកម្ម និងផែនការហិរញ្ញវត្ថុ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ដោយមានការចូលរួមពីសមាជិក សមាជិកា ពាណិជ្ជករ និងម្ចាស់អាជីវកម្ម ប្រមាណ៥០នាក់។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនចំណេះដឹងទៅដល់ម្ចាស់អាជីវកម្ម លើផ្នែកសំខាន់ៗចំនួន ២ ដោយផ្នែកទី១ ផ្ដោតលើការអភិវឌ្ឍផ្នត់គំនិតសហគ្រិន និងការបង្កើតគំរូផែនការអាជីវកម្មដែលផ្ដើមចេញពីការកសាង និងពង្រឹងផ្នត់គំនិតសហគ្រិន (Entrepreneurial Mindset) ដែលជាគ្រឹះដ៏សំខាន់ក្នុងការជំរុញការគិតបែបយុទ្ធសាស្ត្រ ការបង្កើតគំនិតច្នៃប្រឌិត និងការបង្កើនភាពបត់បែនដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងអាជីវកម្ម។

ទន្ទឹមនឹងនេះ អ្នកចូលរួមទាំងអស់ ក៏ទទួលបានការណែនាំស៊ីជម្រៅលើការរៀបចំគំរូផែនការអាជីវកម្ម (Business Model Canvas) ដែលជួយឱ្យម្ចាស់អាជីវកម្មអាចមើលឃើញពីទិដ្ឋភាពទូទៅនៃប្រតិបត្តិការ ការកំណត់ក្រុមអតិថិជនគោលដៅ ការបង្កើតតម្លៃស្នូល និងការរៀបចំយុទ្ធសាស្ត្រប្រកួតប្រជែងនៅលើទីផ្សារប្រកបដោយប្រសិទ្ធភាព។
សម្រាប់ផ្នែកទី២ ផ្តោតសំខាន់លើការគ្រប់គ្រងថវិកា និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ព្រមទាំងការធ្វើផែនការ និងការកំណត់គោលដៅហិរញ្ញវត្ថុឲ្យបានច្បាស់លាស់ ដើម្បីធានាបាននូវការបែងចែក និងប្រើប្រាស់ធនធានចំគោលដៅ ជួយបង្ការ និងដោះស្រាយបញ្ហាហានិភ័យហិរញ្ញវត្ថុបានទាន់ពេលវេលា។ លើសពីនេះទៅទៀត អ្នកចូលរួមក៏ទទួលបានការបណ្តុះបណ្តាល និងអនុវត្តន៍ផ្ទាល់ជាមួយវាគ្មិនជំនាញៗដែលអញ្ជើញមកពីក្រុមហ៊ុន Admit Group ដើម្បីបង្កើនសមត្ថភាពសម្រេចចិត្តលើកិច្ចការអាជីវកម្មប្រកបដោយទំនុកចិត្តខ្ពស់ ដោយផ្អែកលើទិន្នន័យជាក់លាក់ និងការវិភាគហិរញ្ញវត្ថុជាក់ស្ដែង។

វគ្គបណ្តុះបណ្តាលនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ក្នុងការជួយលើកកម្ពស់សមត្ថភាពដល់ការធ្វើធុរកិច្ចរបស់សហគ្រិនកម្ពុជា ឱ្យយល់ដឹងកាន់តែប្រសើរ ដើម្បីជំរុញការប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ។

សូមជម្រាបជូនផងដែរថា វគ្គបណ្តុះបណ្តាលនេះ ទទួលបាន ការសហការពីមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច មូលនិធិអភិវឌ្ឍជំនាញ និងក្រុមហ៊ុន Admit Group ដោយទទួលបានការគាំទ្រពីសហគ្រិនខ្មែរ ព្រមទាំងទទួលបានការឧបត្ថម្ភពី ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារវីង ខេមបូឌា ម.ក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ និងកំពង់ផែស្វយ័តភ្នំពេញ៕