គណៈកម្មការលើកទឹកចិត្ត និងជំរុញផលិតកម្មអំបិល ពិភាក្សាលើការស្នើគម្រោងបង្កើតរោងចក្រផលិតអំបិលនៅកម្ពុជា
ភ្នំពេញ៖ គណៈកម្មការលើកទឹកចិត្ត និងជំរុញផលិតកម្មអំបិល បានបើកិច្ចប្រជុំពិភាក្សាលើការស្នើគម្រោងបង្កើតរោងចក្រផលិតអំបិល និងការសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា របស់ក្រុមហ៊ុន ចេនឡា ហ្វ៊ូដ អិចប្រេស ឯ.ក (CHENLA FOOD EXPRESS CO., LTD.) ។
កិច្ចប្រជុំនេះ ដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការលើកទឹកចិត្ត និងជំរុញផលិតកម្មអំបិល ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសិក្សាស្វែងយល់ អំពីទស្សនៈគម្រោង, សក្តានុពលផលិតកម្ម, ការកែច្នៃ និងការប្រើប្រាស់អំបិលក្នុងស្រុក, ក៏ដូចជាការពិនិត្យលទ្ធភាពនៃការចូលរួមរបស់វិស័យឯកជន ក្នុងការគាំទ្រការអភិវឌ្ឍវិស័យអំបិលកម្ពុជា ។
អង្គប្រជុំ បានផ្លាស់ប្តូរយោបល់លើទិដ្ឋភាពគោលនយោបាយ, បច្ចេកទេស, ហិរញ្ញវត្ថុ និងការសម្របសម្រួលពាក់ព័ន្ធ ដើម្បីធានាថា គម្រោងនេះអាចអនុវត្តទៅមុខបាន និងស្របតាមនីតិវិធីជាធរមាន ដោយឆ្លើយតបទៅនឹងផលប្រយោជន៍សង្គម-សេដ្ឋកិច្ចជាតិ ។
ក្នុងកិច្ចប្រជុំនេះ, អង្គប្រជុំបានពិភាក្សាអំពីស្ថានភាពទូទៅនៃវិស័យអំបិលកម្ពុជា ដែលជាវិស័យមានសារៈសំខាន់ចំពោះជីវភាពប្រចាំថ្ងៃ កសិកម្ម ឧស្សាហកម្ម សន្តិសុខស្បៀង និងសុខភាពសាធារណៈ។ វិស័យនេះ ក៏នៅមានចំណុចដែលត្រូវបន្តពង្រឹងបន្ថែម ដូចជា ការធ្វើទំនើបកម្មបច្ចេកទេសផលិត, ការលើកកម្ពស់គុណភាព និងស្តង់ដារ, ការរៀបចំឃ្លាំងស្តុក, ការគាំទ្រផលិតករ និងសហគមន៍អំបិល, ជាពិសេស ការប្រើប្រាស់ដីស្រែអំបិល ឱ្យមានប្រសិទ្ធភាព និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតកម្មអំបិលក្នុងស្រុក។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងថា ការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យអំបិល គួរត្រូវបានស្វាគមន៍ ប្រសិនបើគម្រោងមានភាពច្បាស់លាស់ អាចអនុវត្តបានជាក់ស្តែង និងចូលរួមដោះស្រាយតម្រូវការរបស់វិស័យមួយនេះ។ ជាមួយគ្នានេះ, ការពិចារណាលើការស្នើសុំវិនិយោគ និងការលើកទឹកចិត្តណាមួយ ត្រូវផ្អែកលើក្របខណ្ឌច្បាប់ និងគោលនយោបាយជាធរមាន, ភាពច្បាស់លាស់នៃប្រភពទុន, សមត្ថភាពបច្ចេកទេស, ផលប៉ះពាល់បរិស្ថាន-សង្គម, ការចូលរួមជាមួយផលិតករអំបិលក្នុងស្រុក និង ផលប្រយោជន៍សាធារណៈ។
ជាលទ្ធផល, អង្គប្រជុំ បានផ្តល់ជាមតិយោបល់ និងធាតុចូលល្អៗ ដើម្បីឱ្យក្រុមហ៊ុនអាចបន្តសិក្សា និងរៀបចំការស្នើសុំឱ្យបានលម្អិតបន្ថែម រួមមាន ផែនការវិនិយោគ, គំរូអាជីវកម្ម, ប្រភពទុន, បច្ចេកវិទ្យាផលិត និងកែច្នៃ, ផែនការសហការជាមួយកសិករ និងសហគមន៍អំបិល, ការវាយតម្លៃផលប៉ះពាល់បរិស្ថាន-សង្គម និងចំណុចស្នើសុំការលើកទឹកចិត្តដែលក្រុមហ៊ុនចង់បាន ដើម្បីឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ អាចពិនិត្យបន្តតាមនីតិវិធីជាធរមាន និងស្របតាមអភិក្រម “ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ” ក្នុងការជំរុញការអភិវឌ្ឍវិស័យអំបិល ឱ្យមានភាពប្រទាក់ក្រឡា និងមានចីរភាព៕