សង្គម

ក្រសួងយុត្តិធម៌ និង JICA បើកកិច្ចប្រជុំ គណៈកម្មការសម្របសម្រួលចម្រុះលើកទី៤ ដើម្បីពិនិត្យលទ្ធផលគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦

image


ភ្នំពេញ៖ លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជានាយកគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលចម្រុះ (JCC) លើកទី៤ នៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ នៅទីស្តីការក្រសួងយុត្តិធម៌។
កិច្ចប្រជុំនេះ ក៏មានការចូលរួមដឹកនាំដោយលោក YAKO Yoshito តំណាងជាន់ខ្ពស់ការិយាល័យ JICA ប្រចាំនៅកម្ពុជា ដោយផ្តោតលើការពិនិត្យវឌ្ឍនភាព និងទិសដៅបន្តនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌រវាងកម្ពុជា និងជប៉ុន។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗជាច្រើន រួមមាន ការបង្ហាញរបាយការណ៍លទ្ធផលនៃការអនុវត្តគម្រោង និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦-២០២៧ ព្រមទាំងការផ្តល់មតិយោបល់ពាក់ព័ន្ធនឹងទិសដៅការងារឆ្នាំបន្ទាប់។
ក្រៅពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ដើម្បីបន្តពង្រឹងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

ជាមួយគ្នានេះ អង្គប្រជុំក៏បានពិនិត្យលទ្ធភាពនៃការបន្តគម្រោងសម្រាប់ជំហានទី៧ ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យយុត្តិធម៌ និងការបន្តធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធ ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍវិស័យច្បាប់ និងយុត្តិធម៌ឱ្យកាន់តែមានប្រសិទ្ធភាព៕