រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញទស្សនកិច្ច និងសួរសុខទុក្ខសិស្សនិស្សិតជាស្ត្រី ដែលកំពុងសិក្សាជំនាញកាត់ដេរក្រៅម៉ោងសិក្សានៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប
កែប៖ លោកស្រីកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីខេត្តកែប បានអញ្ជើញទស្សនកិច្ច និងសួរសុខទុក្ខសិស្សនិស្សិតជាស្ត្រី ដែលកំពុងសិក្សាជំនាញកាត់ដេរក្រៅម៉ោងសិក្សា នៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប។
នាឱកាសនោះ លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យសិស្សនិស្សិតជាស្ត្រីទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដោយចាប់យកជំនាញណាមួយឱ្យច្បាស់លាស់ និងសិក្សាបន្ថែមនូវភាសាអង់គ្លេស និងកុំព្យូទ័រ។ ដោយឡែកជំនាញកាត់ដេរនេះ គឺជាជំនាញវិជ្ជាជីវៈបន្ថែម ដែលអាចឱ្យស្ត្រី និងក្មេងស្រី ដែលអាចយកទៅប្រកបមុខរបរជាអ្នកឆ្នៃម៉ូតសម្លៀកបំពាក់ និងកាត់ដេរជាដើម។
បន្ថែមពីនេះទៀត លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី ជំរុញឱ្យសិស្សស្រីទាំងអស់ត្រូវ «បន្តមានក្តីសុបិន្ត និងបន្តមានក្តីសង្ឃឹម» សម្រាប់ជីវិតរបស់ខ្លួន ដោយលើកទឹកចិត្តសិស្សទាំងអស់ដាក់គោលដៅជីវិត និងការងារដែលខ្លួនចង់ធ្វើ ហើយត្រូវខិតខំតស៊ូរៀនសូត្រ និងជំនះគ្រប់ឧបសគ្គ ឱ្យសម្រេចបាននូវគោលដៅជីវិតដែលខ្លួនចង់បាន។
លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានឧបត្ថម្ភអង្ករចំនួន ៣០០គីឡូក្រាម និងថវិកាមួយចំនួន ដើម្បីផ្គត់ផ្គង់ដល់សិស្សនិស្សិតជាស្ត្រីទាំងអស់ ដែលកំពុងស្នាក់នៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប៕
អត្ថបទ៖ សន ពិសិដ្ឋ