សង្គម

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យមិត្តចិនពិចារណាលើគម្រោងសាងសង់ផ្លូវ និងស្ពានតភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំ

image


កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញការបន្តយកចិត្តទុកដាក់ខ្ពស់ លើគម្រោងសាងសង់ផ្លូវ និងស្ពានតភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំ និងបានស្នើឱ្យមិត្តចិនពិចារណាលើគម្រោងនេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីនៃមន្ទីរអង្គភាពនានា ក្នុងខេត្តកំពង់ឆ្នាំង ប្រមាណជិត១.០០០នាក់។

សម្ដេចបន្តថា ការតភ្ជាប់បណ្តាញដឹកជញ្ជូនរវាងខេត្តជុំវិញបឹងទន្លេសាបទាំងផ្លូវទឹក និង​ផ្លូវគោក មានសារៈសំខាន់ណាស់ សម្រាប់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
សម្តេចបានលើកឡើងពីគម្រោងផ្លូវជាតិលេខ៥០សេ ដែលជាផ្លូវមួយខ្សែ តភ្ជាប់​រវាង​ខេត្ត​កំពង់​ឆ្នាំង និងខេត្តកំពង់ធំ ព្រោះគម្រោងផ្លូវមួយខ្សែនេះត្រូវបានសម្តេចតេជោប្រកាសពីការសាងសង់ក្នុង​ពេល​សម្តេច​នៅកាន់តួនាទីជានាយករដ្ឋមន្ត្រី ហើយមកដល់ពេលនេះ គម្រោងមួយនេះ មិនទាន់បាន​ដំណើរ​​ការនៅ​ឡើយទេ។

បើតាមប្រសាសន៍សម្តេចតេជោ នៅខែមិថុនាខាងមុខនេះ សម្តេចនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅឯប្រទេសចិន ដោយក្នុងឱកាសនោះ ក្នុងជំនួបជាមួយប្រធានាធិបតីចិន ស៊ី ជីងពីន សម្តេចនឹងលើកឡើងបន្ថែមទៀត អំពីគម្រោងសាងសង់ផ្លូវ និងស្ពាន តភ្ជាប់​រវាង​ខេត្ត​កំពង់​ឆ្នាំង និងខេត្តកំពង់ធំនេះ ទៅកាន់ភាគីចិន ឱ្យពិចារណាជួយសាងសង់៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ ប៉ក់ សុឃីម