ក្បួនយានយន្តសហព័ន្ធកីឡាយានយន្តកម្ពុជា ចេញដំណើរពីភ្នំពេញ ទៅខេត្តកោះកុង អបអរសាទរពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ
ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួង សហការជាមួយសហព័ន្ធកីឡាយានយន្តកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំដង្ហែរក្បួនយានយន្តដំណើរទស្សនកិច្ច ចេញដំណើរពីវិមានឈ្នះ ឈ្នះ រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ស្តូបឈ្នះ ឈ្នះ ខេត្តកោះកុង ដើម្បីចូលរួមអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ខាងមុខ។
ក្នុងនាមគណៈកម្មការអន្តរក្រសួង លោក ទៀ ស្យាម បានឱ្យដឹងថា ព្រឹត្តិការណ៍ដំណើរទស្សនកិច្ចរបស់សហព័ន្ធកីឡាយានយន្តកម្ពុជា នៅខេត្តកោះកុង មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦។ កម្មវិធីនេះរួមមាន ការដង្ហែរក្បួនរថយន្ត ការសម្តែង និងការតាំងពិព័រណ៍យានយន្ត ព្រមទាំងសកម្មភាពកម្សាន្ត និងព្រឹត្តិការណ៍ជាច្រើនទៀត។
លោកបានបញ្ជាក់ថា គណៈកម្មការអន្តរក្រសួង ក៏បានរៀបចំការតាំងពិព័រណ៍បង្ហាញសមិទ្ធផលប្រវត្តិសាស្ត្រនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ សមិទ្ធផលរយៈពេល២៨ឆ្នាំក្រោមនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ការតាំងពិព័រណ៍ពាណិជ្ជកម្មពីបណ្តាខេត្តនានា ការសម្តែងទស្សនីយភាពសិល្បៈ ប្រគុំតន្ត្រី របាំមហាជន ប្រដាល់គុនខ្មែរលក្ខណៈមិត្តភាពជាតិ និងអន្តរជាតិ រួមទាំងកម្មវិធីកម្សាន្តជាច្រើនទៀត។
លោក ទៀ ស្យាម បានសង្កត់ធ្ងន់ថា ការរៀបចំព្រឹត្តិការណ៍នេះ គឺជាការបង្ហាញពីការរីកចម្រើននៃវិស័យឧស្សាហកម្មយានយន្ត និងវិស័យកីឡានៅកម្ពុជា ដែលបានរួមចំណែកជួយជំរុញស្មារតីយុវជន យុវនារី និងប្រជាពលរដ្ឋឱ្យស្រឡាញ់ និងគាំទ្រវិស័យកីឡាកាន់តែខ្លាំង។ លោកថា វិស័យកីឡាមានតួនាទីសំខាន់ក្នុងការពង្រឹងសុខភាពផ្លូវកាយ និងផ្លូវចិត្ត កាត់បន្ថយភាពតានតឹង បង្កើនគុណភាពជីវិត និងពង្រឹងសាមគ្គីភាព មិត្តភាព និងស្មារតីស្រឡាញ់ជាតិ។
ជាមួយគ្នានេះ លោក ទៀ ស្យាម ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ច សហព័ន្ធកីឡាយានយន្តកម្ពុជា ម្ចាស់យានយន្ត និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគាំទ្រការរៀបចំក្បួនយានយន្តពីភ្នំពេញទៅកាន់ខេត្តកោះកុង។
លោក ក៏បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន និងប្រជាពលរដ្ឋ ចូលរួមគាំទ្រសមិទ្ធផលថ្មីនេះ ដែលកើតចេញពីការខិតខំអភិវឌ្ឍប្រទេសលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការបន្តដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
លោក ទៀ ស្យាម ក៏បានអញ្ជើញមន្ត្រីរាជការ វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ទៅទស្សនាកម្សាន្តស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ដែលស្ថិតនៅខេត្តកោះកុង ជាខេត្តមានសក្តានុពលទេសចរណ៍ធម្មជាតិ តំបន់ឆ្នេរសមុទ្រ សហគមន៍អេកូទេសចរណ៍ និងសម្បត្តិវប្បធម៌ ប្រពៃណី និងប្រវត្តិសាស្ត្រដ៏សម្បូរបែប៕
អត្ថបទ៖ សុភ័ស្ស