ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scam នៅខណ្ឌ ចំនួនពីរ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំនួនពីរ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ សរុប ៦១នាក់ (ស្រី្ត ៦នាក់) ពាក់ព័ន្ធនឹងករណីបើកទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទម្រង់ផ្សេងៗគ្នា។
ប្រតិបត្តិការបង្ក្រាបទាំងនេះ ធ្វើឡើងជាបន្តបន្ទាប់គ្នា ក្រោមការបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធីច្បាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ករណីទី១៖ ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ៧មករា បានចុះត្រួតពិនិត្យ និងបង្ក្រាប ទីតាំងផ្ទះលេខ៦ ផ្លូវ ១៦៣ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ ៦នាក់ (ស្រ្តី០១នាក់) និងដកហូតទូរសព្ទដៃចំនួន ៤គ្រឿង, all in one ១គ្រឿង, monitor ៩គ្រឿង និងធុង CPU ៤។
ករណីទី២៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងបង្ក្រាប ទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៣ ទីតាំងនៅបុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
ជាលទ្ធផលឃាត់ខ្លួនជនជាតិចិនសរុបចំនួន ៥៥នាក់ (ស្រី្ត០៥នាក់) និងដកហូតសម្ភារ All in One ចំនួន ៩៨ គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន ០៥ គ្រឿង, Monitor ចំនួន 0៩ គ្រឿង, CPU ចំនួន ០៧គ្រឿង, ទូរស័ព្ទដៃ ចំនួន ១១៣ គ្រឿង , ដុំ wifi ចំនួន ០៣ គ្រឿង , ស៊ីមកាតបរទេសមួយចំនួន។
តាមការសន្និដ្ឋានទាំងពីរករណីនេះ ក្រុមជនសង្ស័យ បានប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាទីតាំងដើម្បីប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ក្រោមរូបភាពបង្កើត Website លក់អីវ៉ាន់ក្លែងក្លាយ តាមរយៈការបើកហាងទីផ្សារក្លែងក្លាយ អូសទាញឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគ និងទទួលបានការងារការងារ ដែលមានគោលដៅកោះតៃវ៉ាន់ និងប្រទេសចិន។
បច្ចុប្បន្ន ទាំងជនសង្ស័យជាជនបរទេសទាំង ៦១នាក់ ព្រមទាំងសម្ភារវត្ថុតាង ដែលដកហូតបានទាំងអស់ ត្រូវបានប្រគល់ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរៀបចំសំណុំរឿង និងអនុវត្តនីតិវិធីបន្តទៅតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងនគរបាលជាតិ ត្រូវបន្តយុទ្ធនាការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ជាដាច់ខាត ដើម្បីរក្សាសន្តិសុខសង្គម និងការពារកេរ្តិ៍ឈ្មោះប្រទេសជាតិលើឆាកអន្តរជាតិ៕