សម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់យកថ្ងៃទី៧ ខែកក្កដា សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម)
ត្បូងឃ្មុំ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងពិធី “សម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា)” នៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ដោយកំណត់យកកំណត់យកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧(ស្គន់-ក្រុងកំពង់ចាម)។
គួរបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK000+000-PK45+502.84) សម្រេចលទ្ធផលជារួម ៩៩%ហើយ គិតត្រឹងចុងខែឧសភា ឆ្នាំ២០២៦នេះ។
ចំពោះការងារសេសសល់បន្ទាប់បន្សំ គឺការពិនិត្យឡើងវិញនូវលទ្ធផលការងារដូចជា៖ កៅស៊ូAC, គំនូសសញ្ញាចរាចរណ៍,ផ្លាកសញ្ញាចរាចរណ៍, បរិក្ខាសុវត្ថិភាព, សួនច្បារពុះចែកទ្រូងផ្លូវ, រុក្ខជាតិលម្អតូច-ធំជាដើម។
ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ជួយសម្រួលការធ្វើដំណើរ, ការដឹកជញ្ជូនផលិតផលកសិកម្ម,កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។
គួរបញ្ជាក់ថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងក៏ជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋ«មានផ្លូវ មានក្តីសង្ឃឹម»៕