សង្គម

មន្ទីរសាធារណការ ខេត្តព្រះវិហារ ចុះធ្វើតេស្តបច្ចេកទេសវាស់សមត្ថភាពទ្រទម្ងន់ផ្លូវជាតិលេខ៦២ ដើម្បីធានាគុណភាពសំណង់ប្រើប្រាស់ឧបករណ៍ Benkelman Beam

image


ព្រះវិហារ៖ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានចុះពិនិត្យ និងធ្វើតេស្តវាស់សមត្ថភាពទ្រទម្ងន់ស្រទាប់គ្រឹះផ្លូវ ដោយប្រើប្រាស់ឧបករណ៍បច្ចេកទេស Benkelman Beam លើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រ ១២០+៦០០ ដល់ ១២១+២០០ ស្ថិតក្នុងក្រុងព្រះវិហារ ដែលកំពុងអនុវត្តគម្រោងថែទាំខួប និងជួសជុលពង្រីកផ្លូវ។

មន្ត្រីជំនាញបានឱ្យដឹងថា ការចុះពិនិត្យ និងធ្វើតេស្តបច្ចេកទេសនេះ មានគោលបំណងធានាថា ការសាងសង់ និងជួសជុលផ្លូវអនុវត្តស្របតាមស្តង់ដារបច្ចេកទេស មានគុណភាពរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង កាត់បន្ថយការខូចខាតឡើងវិញ និងធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងថា ក្រោមការណែនាំរបស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរបានយកចិត្តទុកដាក់ខ្ពស់លើការជួសជុល និងថែទាំផ្លូវដែលស្ថិតក្រោមការគ្រប់គ្រង ដើម្បីធានាឱ្យប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនបានដោយភាពងាយស្រួល និងសុវត្ថិភាព។
លោកបានបន្តថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅតាមការដ្ឋាន គឺជាកត្តាសំខាន់ក្នុងការធានាគុណភាពសំណង់ផ្លូវ ដើម្បីឱ្យគម្រោងអនុវត្តស្របតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់។

ប្រធានមន្ទីរបានបញ្ជាក់ថា៖ «មន្ទីរតែងតែយកចិត្តទុកដាក់ខ្ពស់លើការត្រួតពិនិត្យគុណភាពការងារសាងសង់ និងជួសជុលផ្លូវ ដើម្បីធានាថា ផ្លូវដែលស្ថាបនារួចមានភាពរឹងមាំ ប្រើប្រាស់បានយូរ និងអាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋបានប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព»។
ជាមួយគ្នានេះ លោក សំ លាងទ្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវថ្នល់ ដោយមិនដឹកជញ្ជូនលើសទម្ងន់កំណត់ មិនលុបលូ និងប្រឡាយទឹក ព្រមទាំងមិនចាក់ដីខ្ពស់ជាងផ្លូវ។ លោកក៏បានអំពាវនាវឱ្យអ្នកបើកបរគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយមិនបើកបរលើសល្បឿនកំណត់ និងមិនបើកបរក្នុងស្ថានភាពស្រវឹង៕