ព័ត៌មានអន្តរជាតិ

ក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមចូលជួយអ្នកភូមិ ៧នាក់ ដែលជាប់នៅក្នុងរូងភ្នំលិចទឹកនៅប្រទេសឡាវ អស់រយៈពេលមួយសប្តាហ៍មកហើយ

image


 
ឡាវ៖ ប្រតិបត្តិការសង្គ្រោះជាអន្តរជាតិដ៏ប្រថុយប្រថានមួយ កំពុងត្រូវតែធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីជួយសង្គ្រោះអ្នកភូមិឡាវចំនួន ៧នាក់ ដែលបានជាប់គាំងនៅក្នុងរូងភ្នំលិចទឹកមួយកន្លែង ក្នុងខេត្តសៃសមប៊ូន (Xaisomboun) អស់រយៈពេលមួយសប្តាហ៍មកហើយ បន្ទាប់ពីពួកគេបាននាំគ្នាដើរចូលទៅរុករកមាស ហើយត្រូវជំនន់ទឹកភ្លៀងជន់លិចបិទច្រកចេញ ។
 
បេសកកម្មដ៏គ្រោះថ្នាក់នេះ មានការចូលរួមជ្រោមជ្រែងពីក្រុមអ្នកមុជទឹកជំនាញជនជាតិថៃ និងអ្នកជំនាញហ្វាំងឡង់ដ៍ ដែលធ្លាប់មានបទពិសោធន៍ល្បីល្បាញក្នុងការជួយសង្គ្រោះក្រុមបាល់ទាត់កុមារថៃកាលពីឆ្នាំ២០១៨ ខណៈក្រុមការងារមានក្ដីសង្ឃឹមខ្ពស់ថា នឹងរកឃើញអ្នកភូមិទាំងអស់នៅរស់រានមានជីវិត ព្រោះជឿថាពួកគេកំពុងស្ថិតនៅលើទួលខ្ពស់ដែលមានខ្យល់អាកាសចេញចូលល្អ ។
 
ក្រុមអ្នកសង្គ្រោះត្រូវប្រឈមមុខនឹងឧបសគ្គបច្ចេកទេសធំៗ ដោយត្រូវឆ្លងកាត់ផ្លូវរូងក្រោមដីប្រវែង ៣៤០ម៉ែត្រ ដែលមានជម្រាលចោត ៤៥ដឺក្រេ និងមានទទឹងចង្អៀតបំផុតត្រឹមតែ ៦០សង់ទីម៉ែត្រ ដែលតម្រូវឱ្យអ្នកមុជទឹកត្រូវលូនរផ្អឹបពោះទៅនឹងដី ព្រមទាំងត្រូវប្រើប្រាស់ឧបករណ៍វាស់ស្ទង់ឧស្ម័នពុល ព្រមទាំងប្រើប្រាស់ប្រព័ន្ធបំពង់ខ្យល់ ដើម្បីបូមផ្គត់ផ្គង់អុកស៊ីសែន និងខ្យល់អាកាសបរិសុទ្ធពីខាងក្រៅ ចូលទៅកាន់ផ្នែកខាងក្នុងនៃរូងភ្នំជាប្រចាំ ។
 
ក្រៅពីការប្រឹងប្រែងបូមទឹកចេញពីរូងភ្នំដ៏ងងឹតស្លុប ដើម្បីបើកផ្លូវឱ្យអ្នកមុជទឹកហើយនោះ ក្រុមការងារផ្នែកខាងក្រៅក៏បានចាត់វិធានការចម្រុះ ដោយបញ្ជូនក្រុមជំនាញខ្សែពួរឱ្យជិះរំអិលខ្លួនចុះពីលើកំពូលភ្នំ ដើម្បីស្វែងរកផ្លូវកាត់ និងច្រកខ្យល់ចំនួន ៤ ផ្សេងទៀត ក្នុងការសម្រុកចូលទៅឱ្យដល់ទីតាំងជនរងគ្រោះ នៅក្នុងតំបន់ជួរភ្នំឡុងទៀង (Long Tieng) ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ CNN | រូបភាព៖ ប្រភពផ្សេងៗតាមរយៈ CNN & Screenshot from CNN video.