រដ្ឋមន្ត្រីការបរទេសអាម៉េរិក ប្រកាសពីវឌ្ឍនភាព ក្នុងការចរចាបើកច្រកសមុទ្រហ័រមូស ដោយគ្មានការទារប្រាក់ឆ្លងកាត់អ្វីឡើយ
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) កាលពីចុងសប្ដាហ៍កន្លងទៅ បានបង្ហើបពី «វឌ្ឍនភាពការទូតដ៏ធំធេង» ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយ ជាមួយដៃគូក្នុងតំបន់ឈូងសមុទ្រ ដែលអាចនឹងនាំមកនូវដំណឹងល្អដល់ពិភពលោក ក្នុងការបើកច្រកសមុទ្រហ័រមូសឡើងវិញ ដោយគ្មានការទារប្រាក់ពន្ធអ្វីឡើយ ។
ការប្រកាសនេះ កើតឡើងស្របពេលដែលអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានអះអាងដែរថា ខ្លួនកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ នៃការរៀបចំកិច្ចព្រមព្រៀងសន្តិភាពជាមួយអាម៉េរិក ប៉ុន្តែមិនទាន់រាប់បញ្ចូលបញ្ហានុយក្លេអ៊ែរលម្អិត ដែលជាលក្ខខណ្ឌដាច់ខាតរបស់អាម៉េរិកនៅឡើយទេ ។
ទោះបីជាមានសញ្ញាវិជ្ជមានតាមផ្លូវការទូតក៏ដោយ លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបង្ហាញជំហរក្ដៅគគុក ដោយអះអាងថា កងទ័ពជើងទឹកអាម៉េរិក កំពុងបិទខ្ទប់កំពង់ផែអ៊ីរ៉ង់យ៉ាងមានប្រសិទ្ធភាព ១០០% ដូចជញ្ជាំងដែកថែប និងថែមទាំងព្រមានថា លោកស្ទើរតែបញ្ជាឱ្យវាយប្រហារអ៊ីរ៉ង់ម្ដងទៀតទៅហើយ ។
គួររំឭកដែរថា វិបត្តិដ៏រ៉ាំរ៉ៃនេះ បានផ្ទុះឡើងខ្លាំងបន្ទាប់ពីអាម៉េរិក រួមជាមួយនឹងអ៊ីស្រាអ៊ែល រួមគ្នាបើកប្រតិបត្តិការវាយប្រហារយោធាកាលពីខែកុម្ភៈលើអ៊ីរ៉ង់ រហូតធ្វើឱ្យមេដឹកនាំកំពូលអ៊ីរ៉ង់ស្លាប់ និងបង្កជាសង្គ្រាមបាញ់មីស៊ីលតបតគ្នាយ៉ាងវឹកវរនៅក្នុងតំបន់មជ្ឈិមបូព៌ា មុនពេលមានការចរចាបទឈប់បាញ់ដែលសម្របសម្រួលដោយប្រទេសប៉ាគីស្ថាន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ onmanorama on Microsoft Bin