ហេតុអ្វីបានជា ទន្លេស្រែពក ក្នុងខេត្តមណ្ឌលគិរី ត្រូវបានអ្នកជំនាញជ្រើសរើសជាទីតាំងអភិរក្ស និងលែងសត្វក្រពើភ្នំ?
មណ្ឌលគិរី៖ សត្វក្រពើភ្នំចំនួន ១០ក្បាល ត្រូវបានលែងចូលទៅក្នុងទន្លេស្រែពក ក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ដែលជាជម្រកធម្មជាតិមានវត្តមានសត្វក្រពើភ្នំរស់នៅ ដើម្បីបង្កើនចំនួនរបាយសត្វក្រពើភ្នំឱ្យមានការកើនចំនួនឡើងច្រើនថែមទៀត។
ហេតុអ្វីបានជាអ្នកជំនាញជ្រើសរើសទន្លេស្រែពក ក្នុងខេត្តមណ្ឌលគិរី ជាទីតាំងអភិរក្ស និងលែងសត្វក្រពើភ្នំ?
លោក Dipankar Chyau Patnaik នាយកអង្គការ WWF-កម្ពុជា ដែលជាអង្គការជំនាញធ្វើការងារខាងអភិរក្សសត្វព្រៃ បានឱ្យដឹងថា ទន្លេស្រែពក ជាទីតាំងយុទ្ធសាស្ត្រ និងជាទីជម្រកធម្មជាតិដ៏ល្អបំផុតសម្រាប់ការអភិរក្សក្រពើភ្នំ ដែលជាប្រភេទសត្វជិតផុតពូជបំផុតនៅលើពិភពលោក។ លោកថា ទន្លេស្រែពក ត្រូវបានជ្រើសរើស មិនមែនដោយចៃដន្យនោះទេ ប៉ុន្តែផ្អែកលើការវាយតម្លៃផ្នែកអេកូឡូស៊ី និងវិទ្យាសាស្ត្រយ៉ាងច្បាស់លាស់។ តំបន់នេះ នៅតែជាប្រព័ន្ធទន្លេមួយក្នុងចំណោមប្រព័ន្ធទន្លេចុងក្រោយនៅកម្ពុជា ដែលទីជម្រកធម្មជាតិសម្រាប់សត្វក្រពើភ្នំ នៅតែមានសភាពសមស្រប ប្រព័ន្ធដីសើមធម្មជាតិ និងអាងទឹកជ្រៅនៅតែដំណើរការបានល្អ ហើយសំខាន់ជាងនេះទៅទៀត គឺមានភស្តុតាងបញ្ជាក់ថា សត្វក្រពើភ្នំកំពុងបន្តបង្កាត់ពូជនៅទីនោះទៀតផង។
លោកនាយកអង្គការ WWF-កម្ពុជា បានបន្តទៀតថា ការវាយតម្លៃលើភាពសមស្របនៃទីជម្រក ក៏បានបញ្ជាក់ថា តំបន់នេះបំពេញតាមលក្ខខណ្ឌអេកូឡូស៊ី និងជីវសាស្ត្រសំខាន់ៗ ស្របតាមស្តង់ដារអន្តរជាតិ រួមទាំងគោលការណ៍របស់អង្គការ IUCN ផងដែរ។ ការវាយតម្លៃទាំងនេះ ក៏បានបង្ហាញថា ទោះបីមានហានិភ័យខ្លះក៏ដោយ ក៏ហានិភ័យទាំងនោះ អាចគ្រប់គ្រងបាន តាមរយៈការពង្រឹងការការពារ ការអនុវត្តច្បាប់ និងការគ្រប់គ្រងរួមជាមួយសហគមន៍។
លោកបានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ ក៏ត្រូវទទួលស្គាល់ការពិតមួយដែរថា ចំនួនសត្វក្រពើភ្នំដែលនៅសេសសល់គឺមានចំនួនតិច បែកខ្ញែក និងងាយរងគ្រោះយ៉ាងខ្លាំង។ ប្រសិនបើគ្មានការអន្តរាគមន៍សកម្មទេ ការស្តារឡើងវិញដោយធម្មជាតិមួយមុខ ប្រហែលជាមិនគ្រប់គ្រាន់ សម្រាប់ធានាការរស់រានមានជីវិតរយៈពេលវែងរបស់ប្រភេទសត្វនេះឡើយ។ ទន្លេស្រែពក ដែលស្ថិតក្នុងដែនជម្រកសត្វព្រៃស្រែពក មិនមែនគ្រាន់តែជាទីជម្រកមួយប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃក្តីសង្ឃឹម ភស្តុតាង និងឱកាស ព្រមទាំងជាកន្លែងដែលវិទ្យាសាស្ត្រ គោលនយោបាយ និងសកម្មភាពរបស់សហគមន៍ បានរួមគ្នាដើម្បីស្ដារធម្មជាតិឡើងវិញ។
សូមបញ្ជាក់ថា នៅកម្ពុជាមានសត្វក្រពើភ្នំប្រមាណជាង ៣០០ក្បាល ច្រើនជាងគេនៅលើពិភពលោក ខណៈចំនួនសរុបនៅលើពិភពលោកមានប្រមាណ ១០០០ក្បាលប៉ុណ្ណោះ។ សត្វក្រពើភ្នំ ជាសត្វតំណាងឱ្យភាពស័ក្តិសិទ្ធិ ឬអ្នកថែរក្សាប្រភពទឹក។ សត្វក្រពើភ្នំ មិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ បើមនុស្សមិនទៅបំផ្លាញវា ឬជម្រករបស់វា ដែលនៅជ្រៅក្នុងតំបន់ការពារធម្មជាតិ៕