អាជ្ញាធរខេត្តមណ្ឌលគិរី បន្តប្តេជ្ញាសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ ពង្រឹងប្រព័ន្ធគ្រប់គ្រងធនធានធម្មជាតិ
មណ្ឌលគិរី៖ អភិបាលរងខេត្តមណ្ឌលគីរី លោក ងិន សុវិមាន បានឱ្យដឹងថា រដ្ឋបាលខេត្តមណ្ឌលគិរី ប្តេជ្ញាក្នុងការបន្តពង្រឹងប្រព័ន្ធគ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិ ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងបរិស្ថាន និងអង្គការដៃគូអភិវឌ្ឍន៍នានា ព្រោះការអភិរក្សនេះសម្របតាមច្បាប់ និងគោលនយោបាយជាតិ ដែលរាជរដ្ឋាភិបាលបានដាក់ចេញដូចជា ក្រមបរិស្ថាន និងធនធានធម្មជាតិ ច្បាប់ស្តីពីជលផល បន្ថែមលើយុទ្ធសាស្ត្រជាតិ ដូចជា ចក្រាវិស័យបរិស្ថាន គោលនយោបាយអភិវឌ្ឍប្រកបដោយចីរភាព ជាដើម។ បន្ថែមពីនោះទៀត ច្បាប់និងគោលនយោបាយទាំងនេះ មានតួនាទីសំខាន់ក្នុងការកំណត់គោលការណ៍សម្រាប់ការគ្រប់គ្រង ការពារ និងការប្រើប្រាស់ធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព និងចីរភាព ។
លោក ងិន សុវិមាន បានលើកឡើងដូចនេះ ក្នុងពិធីលែងសត្វក្រពើភ្នំ ជាប្រវត្តិសាស្រ្តក្នុងទន្លេស្រែពក កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តមណ្ឌលគិរី។ លោកបានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត លោកនឹងពង្រឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ជាពិសេសក្នុងតំបន់ការពារ ដោយផ្តោតលើការការពារប្រភេទសត្វកម្រ ហាមឃាត់សកម្មភាពខុសច្បាប់ ដូចជា ការប្រមាញ់សត្វព្រៃ ការនេសាទខុសច្បាប់ និងការកាប់បំផ្លាញព្រៃឈើ ជាដើម។ ទន្ទឹមនេះរដ្ឋបាលខេត្តនឹងបន្តសហការយ៉ាងចិត្តស្និទ្ធជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អង្គការដៃគូ និងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងធនធានធម្មជាតិ តាមរយៈការកសាងសមត្ថភាពមន្ត្រី អនុវត្តការងារដោយផ្អែកលើយុទ្ធសាស្ត្រ និងប្រជាសាស្ត្រ និងលើកកម្ពស់ការចូលរួមរបស់សាធារណជនក្នុងការអភិរក្ស។
លោកអភិបាលរងខេត្ត បានបន្តទៀតថា ក្នុងនាមរដ្ឋបាលខេត្តលោកនឹងបន្តដឹកនាំ និងសម្របសម្រួលការអនុវត្តគម្រោងអភិរក្សទាំងនោះដោយផ្តោតលើការពង្រឹងការអនុវត្តច្បាប់ក្នុងតំបន់ការពារ ការគាំទ្រដល់មន្ត្រីឧទ្យានុរក្ស និងសហគមន៍ ការសហការជិតស្និទ្ធជាមួយក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍ និងការធានាថា មានប្រសិទ្ធភាព និងចីរភាព។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ការអនុវត្តគម្រោងមិនត្រឹមតែរយៈពេលខ្លី និងសម្រេចត្រឹមលទ្ធផលព្យាយាមប៉ុណ្ណោះទេ ប៉ុន្តែការកសាងមូលដ្ឋាន ដ៏រឹងមាំសម្រាប់អនាគតរយៈពេលវែង ផងដែរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនត្រឹមតែរក្សាធនធានធម្មជាតិ ប៉ុន្តែធានាថា មនុស្សជំនាន់ក្រោយអាចទទួលបានអត្ថប្រយោជន៍ និងរស់នៅជាមួយធម្មជាតិយ៉ាងមានសុខដុមរមនា។
សូមបញ្ជាក់ថា ខេត្តមណ្ឌលគីរី ត្រូវបានកំណត់ជាគោលដៅសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលផ្អែកលើធនធានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែប ដើម្បីបង្កើនសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន ចូលរួមអភិវឌ្ឍន៍ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ ហើយចូលរួមពង្រឹងប្រសិទ្ធភាពអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ។
ធនធានធម្មជាតិ ដូចជា សត្វព្រៃ ព្រៃឈើ ប្រព័ន្ធទឹក ជីវៈចម្រុះ និងដីធ្លី មិនត្រឹមតែជាមូលដ្ឋានសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែជាចង្កោមសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ឧស្សាហកម្ម ទេសចរណ៍ និងសន្តិសុខបរិស្ថានរយៈពេលវែងផងដែរ។ ដូច្នេះការអភិរក្សធនធានធម្មជាតិជាមូលដ្ឋានគ្រឹះសម្រាប់ការបង្កើតកំណើនសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ខេត្តជាចាំបាច់៕