បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និងស្វាយរៀង៖ អ្នកជាសះស្បើយ ត្រឡប់ទៅផ្ទះវិញ ៥២នាក់ ខណៈដែលរដ្ឋមន្ត្រីការងារ បន្តចុះពិនិត្យផ្ទាល់ដល់មន្ទីរពេទ្យ
ភ្នំពេញ៖ គិតត្រឹមរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ កម្មករចំនួន ៥២នាក់ បានជាសះស្បើយ និងវិលត្រឡប់ទៅផ្ទះវិញ ខណៈដែល អ្នករងរបួស ទាំងធ្ងន់ និងស្រាលដែលកំពុងសម្រាកព្យាបាលមានសភាពល្អ ប្រសើរឡើងជារួម។ នេះតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ស៊ុន មេសា បានលម្អិតថា សម្រាប់ ករណីនៅខេត្តកំពង់ឆ្នាំង កម្មករ ដែលបាន ត្រឡប់ទៅគេហដ្ឋានវិញចំនួន ៤៥នាក់ ខណៈដែលអ្នករបួសធ្ងន់ចំនួន ៩នាក់ និង អ្នក របួសស្រាលចំនួន ១៧នាក់ ដោយបន្តសម្រា កព្យាបាលនៅមន្ទីរពេទ្យ។ ដោយឡែកករណីខេត្តស្វាយរៀង កម្មករដែលត្រឡប់ទៅគេហដ្ឋានវិញមាន ៧នាក់ ខណៈដែលអ្នករងរបួសធ្ងន់ ៣នាក់ ក្នុង នោះម្នាក់ ត្រូវបាន គ្រួសារបញ្ជូនទៅព្យាបាលនៅវៀតណាម ហើយអ្នករងរបួសស្រាល ២៧នាក់ បន្ត សម្រាកព្យាបាលនៅមន្ទីរពេទ្យ។
បើតាមអ្នកនាំពាក្យ បានឱ្យដឹងបន្ថែមថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំក្រសួង នៅតែ បន្តសម្របសម្រួល ចុះពិនិត្យ និងចុះសួរសុខទុក្ខនៅតាមមន្ទីរពេទ្យនានា។
ក្នុងពេលចុះសួរសុខទុក្ខ និងពិនិត្យនៅតាម មន្ទីរពេទ្យជាតិ ក្នុងរាជធានីភ្នំពេញ លោករដ្ឋ មន្ត្រី ហេង សួរ បានពាំនាំការផ្តាំផ្ញើរសួរ សុខ ទុក្ខរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ ជូនទៅកាន់ក្រុមគ្រួសារ និង កម្មករ ដែលកំពុងសម្រាកព្យាបាល ដែល លោកទាំងទ្វេ តែងតែយកចិត្តទុកដាក់ចំពោះ កម្មករជាប្រចាំ។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណី ដែលបានកើតឡើងព្រមគ្នានៅព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀងនេះ បណ្តាលឱ្យកម្មករនិយោជិត ១៤នាក់ បានបាត់បង់ជីវិត និងប្រមាណ ១០០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល៕