សង្គម

មន្រ្តីឧទ្យានុរក្ស នៅតែប្តេជ្ញាការពារធនធានធម្មជាតិជាដាច់ខាត ទោះជួបបញ្ហាច្រើនក៏ដោយ

image


មណ្ឌលគិរី៖ មន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ចំពោះកាតាព្វកិច្ចការពារធនធានធម្មជាតិឱ្យបានជាដាច់ខាត ខណៈនាពេលបច្ចុប្បន្នកំពុងឈមនឹងបញ្ហាគ្រោះថ្នាក់ដល់អាយុជីវិត ពីសំណាក់ជនល្មេីសបរបាញ់សត្វព្រៃ ខុសច្បាប់ អ្នកបំផ្លាញធនធានធម្មជាតិ និងជនល្មេីសទន្ទ្រានដីព្រៃខុសច្បាប់ ជាដេីម។ ជារៀងរាល់ថ្ងៃមន្រ្តីឧទ្យានុរក្ស តែតែចុះបំពេញការងារមិនខ្លាចនឿយហត់ ក្នុងបុព្វហេតុការពារនូវធនធានធម្មជាតិ សត្វព្រៃដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

លោក ស៉ិន សត្ថា ប្រធានរិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាំលៀ បានឱ្យដឹងថា បច្ចុប្បន្នក្នុងតំបន់របស់លោកមានមន្ត្រីឧទ្យានុរក្សប្រមាណ២០រូប បូករួមនឹងក្រុមល្បាតសរុបប្រហែល ៤០រូបទៀត ដែលកំពុងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហានឈរជើងការពារដែនជម្រកសត្វព្រៃស្រែពក ដែលមានទំហំជាង ៣៧ម៉ឺនហិកតា ដើម្បីបុព្វហេតុបរិស្ថាន។ រយៈពេល៥ខែ ដើមឆ្នាំ២០២៦ មន្ត្រីបានបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិចំនួន ៣៤ករណី និងបញ្ជូនជនល្មើសទៅពន្ធនាគារចំនួន ៣នាក់ ព្រមទាំងបន្តស្រាវជ្រាវជនល្មើសដែលគេចខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ព្រមទាំងបានដកហូតវត្ថុតាងមួយចំនួនផងដែរ។

បេីតាម លោក ស៉ិន សត្ថា បទល្មើសដែលកើតឡើងច្រើននៅក្នុងដែនជម្រកសត្វព្រៃ គឺការដាក់អន្ទាក់ ការបរបាញ់សត្វព្រៃ ហើយអ្វីដែលអាចនឹងបង្កគ្រោះថ្នាក់ធ្ងន់នោះ ក្រុមជនល្មើសភាគច្រើនប្រើប្រាស់កាំភ្លើងស្វ័យប្រវត្តិ, ពាក់កណ្តាលស្វ័យប្រវត្តិ និងអាវុធកែច្នៃ។ ទង្វើរបស់ជនល្មើសនេះវាមិនត្រឹមតែការបរបាញ់សត្វព្រៃនោះទេ ប៉ុន្តែវានឹងអាចបង្កគ្រោះថ្នាក់ដល់មន្ត្រីឧទ្យានុរក្សបន្ថែមទៀត ពិសេសសជនល្មេីសដែលបរបាញ់សត្វព្រៃ។ លោកបានលេីកឡេីងយ៉ាងដូច្នេះថា៖ «បទល្មើសកាប់ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិខុសច្បាប់ ការដឹកជញ្ជូនឈើ ការនេសាទខុសច្បាប់ ក៏ជាបញ្ហាប្រឈមក្នុងតំបន់របស់យើង តែបញ្ហាប្រឈមទាំងប៉ុន្មាននេះ មិនអាចរាំងស្ទះ បង្អាក់សកម្មភាពដល់មន្ត្រីឧទ្យានុរក្សយើងចុះអនុវត្តន៍ តួនាទីភារកិច្ច និងច្បាប់នោះទេ»។

លោក ស៉ិន សត្ថា បានបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងដែនជម្រកសត្វព្រៃស្រែពក ក៏បានលេចចេញនូវបទល្មើសថ្មីមួយទៀត គឺបទល្មើសជីកយករ៉ែដោយខុសច្បាប់ តែទោះជាយ៉ាងណាមន្ត្រីឧទ្យានុរក្ស ដែលកំពុងឈរជើងការពារក្នុងដែនជម្រកបានបង្ក្រាបដូចភ្លៀងរលឹម ខណៈ៥ខែដើមឆ្នាំ២០២៦ មនុស្សប្រមាណ ១០០០នាក់ ត្រូវបានណែនាំអប់រំ និងទប់ស្កាត់។
លោក ស៉ិន សត្ថា បានបន្ថែមថា យោងតាមបទបញ្ជាការរបស់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន គឺត្រូវអនុវត្តច្បាប់ឱ្យបាន ១០០ភាគរយ ចំពោះជនល្មើសបំផ្លាញធនធានធម្មជាតិ ដោយគ្មានការលើកលែងជាដាច់ខាត។

ការណ៍នេះតាមរយៈការលើកទឹកចិត្តពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ និងគ្រប់ភាគីពាក់ព័ន្ធ បានក្លាយជាកម្លាំងដ៏ខ្លាំងក្លារុញច្រានឱ្យមន្ត្រីឧទ្យានុរក្សដែលមានចំនួនតិចអាចបំពេញការងារបានយ៉ាងល្អ មានទំនួលសុខត្រូវ និងជម្នះគ្រប់ឧបសគ្គនៅចំពោះមុខ។ ប៉ុន្តែអ្វីដែលលោកចង់បាន និងដើម្បីឱ្យការងារអភិរក្សទទួលបានជោគជ័យនោះ ប្រសិនបើប្រជាពលរដ្ឋរស់នៅក្នុងតំបន់ការពារធនធានធម្មជាតិ និងក្បែរតំបន់ងាកមកឈប់ប្រព្រឹត្តបទល្មើស ហេីយងាកមកគោរពច្បាប់ ចូលរួមជាមួយមន្ត្រីទាំងអស់គ្នា មានន័យថា ជាប្រជាពលរដ្ឋ ១រូប ជាអ្នកអភិរក្ស ១រូប វានឹជួយការងារបានច្រើន។

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានមន្ត្រីឧទ្យានុរក្សប្រមាណ ១០០០នាក់ កំពុងឈរជើងការពារ និងអភិរក្សធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៅទូទាំងប្រទេស។ កម្ពុជាមានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា ឬស្មើ ៤១% នៃផ្ទៃដីប្រទេសកម្ពុជាដោយចែកជាឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់បេតិកភណ្ឌធម្មជាតិ តំបន់រ៉ាមសា និងរបៀងអភិរក្សជីវៈចម្រុះ៕