ឯកអគ្គរដ្ឋទូតហុងគ្រី កោតសរសេីរពីភាពរីកចម្រេីន នៃជីវភាពប្រជាជនកម្ពុជា ខណៈទំហំនៃការនាំចូលរបស់កម្ពុជា ទៅកាន់ហុងគ្រី មានការកើនឡើង
ភ្នំពេញ ៖ នៅចំពោះមុខ សម្ដេចតេជោ ហ៊ុន សែន ឯកអគ្គរដ្ឋទូត នៃប្រទេសហុងគ្រី បានលើកសរសើរអំពីប្រទេសកម្ពុជា ថាជាប្រទេសដ៏ស្រស់ស្អាត ហើយមានភាពរីកចម្រើន ខណៈទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រី មានភាពរីកចម្រើន។
មានប្រសាសន៍ បែបនេះ នាឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Tibor BALOGHDI ឯកអគ្គរដ្ឋទូត នៃប្រទេសហុងគ្រីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីចប់បេសកកម្មការទូតនៅកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២៦ នាវិមានសាមគ្គីភាព ររាជធានីភំ្នពេញ។
យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះឯកអគ្គរដ្ឋទូតក្នុងពេលដែលលោកបានបំពេញបេសកកម្មជាឯករដ្ឋទូតប្រចាំនៅកម្ពុជា រយៈពេល៤ឆ្នាំមកនេះ ដែលបានធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រីមានភាពរឹងមាំ។ សម្ដេចតេជោបានលើកឡើងថា ទោះបីជាហុងគ្រី និងកម្ពុជានៅឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពជិតស្និទ្ធខ្លាំងណាស់។ មកដល់ពេលនេះទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រីមានអាយុកាល៧០ឆ្នាំហើយ ដែលជាទំនាក់ទំនងមួយដ៏យូរអង្វែងមកជាមួយគ្នា។
នៅក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតហុងគ្រី បានលើកឡើងថា ជាកិត្តិយសសម្រាប់លោកដែលបានបំពេញការងារជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។ លោកបានលើកសរសើរអំពីប្រទេសកម្ពុជាថាជាប្រទេសដ៏ស្រស់ស្អាត ហើយមានភាពរីកចម្រើន ដោយលោកបានឃើញនឹងភ្នែក ជាពិសេសគឺជីវភាពរបស់ប្រជាជនមានភាពប្រសើរឡើងជាលំដាប់។
លោកបានលើកឡើងថា ៤ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រីមានភាពរីកចម្រើន ជាពិសេសគឺការសហការគ្នាទាំងក្របខណ្ឌនៃស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិបញ្ញត្តិ។ លោកបានរំលេចថា ប្រទេសទាំងពីរមានការកើនឡើងនូវទំហំពាណិជ្ជកម្ម ជាពិសេសកម្ពុជាបាននាំចូលទៅកាន់ប្រទេសហុងគ្រី មានការកើនឡើងក្នុងរយៈពេលចុងក្រោយនេះ។
លោកក៏បានលើកឡើងផងដែរថាឆ្នាំនេះជាខួប៧០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រី ហើយប្រទេសទាំងពីរបានរួមគ្នា ក្នុងការរៀបចំពិធីអបអរសាទរ នៃខួប៧០ឆ្នាំនេះដើម្បីឱ្យទំនាក់ទំនងនេះកាន់តែល្អប្រសើរបន្ថែមទៀត។
សម្ដេចតេជោបានអរគុណចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតហុងគ្រីដែលបានរំលេចអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងហុងគ្រី ហើយសម្ដេចក៏បានរំលេចបន្ថែមដែរថាហុងគ្រីបានចូលរួមជាចំណែកយ៉ាងសំខាន់ នៅក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជាដែលមកដល់ពេលនេះមានថ្នាក់ដឹកនាំកម្ពុជាមួយចំនួនបានទៅសិក្សា និងបញ្ចប់ការសិក្សានៅក្នុងប្រទេសហុងគ្រី និងកំពុងតែធ្វើការនៅក្នុងប្រទេសកម្ពុជា ហើយសម្ដេចក៏បានរំលេចផងដែរថា ហុងគ្រីជាប្រទេសមួយដែលសម្ដេចធ្លាប់ទៅបំពេញទស្សនកិច្ចច្រើនជាងគេក្នុងចំណោមប្រទេសដែលសម្ដេចបានអញ្ជើញទៅ ពោលគឺតាំងពីសម្ដេចនៅជារដ្ឋមន្ត្រីការបរទេស ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក។
សម្ដេចក៏បានរំលឹកថា កាលពីឆ្នាំ២០១៩ កន្លងទៅ សម្ដេចតេជោក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសហុងគ្រី ហើយក្រោយមកប្រធានាធិបតីរបស់ហុងគ្រីក៏បានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាដែរ នេះបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រទេសទាំងពីរបើទោះបីជាឆ្ងាយពីគ្នាយ៉ាងណាក្តី ក៏ប៉ុន្តែគឺមានភាពជិតស្និទ្ធ៕
អត្ថបទ ៖ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង, ប៉ក់ សុខឃីម