សង្គម

ឧកញ៉ា គិត ស៊ូឡា កូនប្រុសច្បងរបស់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រកាសបរិច្ចាគថវិកា ៤៥០, ៥៥៥ ដុល្លារ ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦» របស់មូលនិធិគន្ធបុប្ផាកម្ពុជា

image

(ភ្នំពេញ)៖ ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group International Company ដែលជាកូនប្រុសអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រកាសបរិច្ចាគថវិកា ៤៥០, ៥៥៥ ដុល្លារ ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦» របស់មូលនិធិគន្ធបុប្ផាកម្ពុជា។

ការបរិច្ចាគថវិកាដ៏ច្រើនរបស់កូនច្បងរបស់អ្នកឧកញ៉ា គិត ម៉េង ធ្វើឡើងតបតាមការអំពាវនាវរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា។
កាលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗ ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group International Company បាននាំយកនូវថវិកាចំនួន ១,៥៥៥,៥៥៥ ដុល្លារអាមេរិក (មួយលានប្រាំសែនប្រាំម៉ឺនប្រាំពាន់ប្រាំរយហាសិបប្រាំដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

ដូចមហាជនបានជ្រាបហើយថា អ្នកឧកញ៉ា គិត ម៉េង ជាមហាសេដ្ឋីល្បាញល្បីមួយរូបនៅកម្ពុជា ដោយកន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ព្រមទាំងបរិច្ចាគថវិកាជួយដល់រាជរដ្ឋាភិបាល និងកិច្ចការសង្គមនានាយ៉ាងច្រើន, ហើយនៅពេលនេះ កូនប្រុសរបស់អ្នកឧកញ៉ា គឺឧកញ៉ា គិត ស៊ូឡា ក៏បានដើរតាមគន្លងឪពុកម្ដាយដ៏គំរូ បន្ដចូលរួមជួយសង្គមជាតិ និងប្រជាជនកម្ពុជា។ លោកឧកញ៉ា គិត ស៊ូឡា គឺជាអ្នកជំនួញវ័យក្មេង ដ៏មានទេពកោសល្យ ដែលពេលនេះឧកញ៉ាមានវ័យទើបតែ ២០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបានយល់ដឹងពីមុខជំនួញរបស់ក្រុមហ៊ុន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ។

សូមជំរាបថា «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជាដែលត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា និងបំផុសចលនាសប្បុរសធម៌ ក៏ដូចជាដើម្បីរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ក្នុងគោលបំណងរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប៕