កម្លាំងនគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) នៅក្រុងបាវិត ឃាត់ខ្លួនមនុស្ស ៨នាក់
ស្វាយរៀង៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយបាន ឃាត់ខ្លួនមនុស្ស ០៨នាក់ រួមជាមួយសម្ភារពាក់ព័ន្ធបទល្មើសជាច្រើន។
យោងតាមសមត្ថកិច្ច បានឱ្យដឹងថា កាលថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៦ កម្លាំងនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារង នៃ អយ្យការ អមសាលាដំបូងខេត្ត បានចុះស្រាវជ្រាវ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ដោយឃាត់ខ្លួនមនុស្ស ក្នុងរង្វង់ប្រតិបត្តិការ ចំនួន ០៨នាក់ (ជនជាតិ ម៉ាឡេស៊ី ៧នាក់ ស្រី ១នាក់, ជនជាតិ វៀតណាម ១នាក់ ប្រុស)។
សមត្ថកិច្ច ក៏បានដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន កំព្យូទ័រលើតុ All-In-One ,ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ រីឯទីតាំងប្រព្រឹត្តិបទល្មើស ក្រុមការងារបានបិទជាបណ្ដោះអាសន្ន៕
អត្ថបទ៖ មិន ភក្តី