សង្គម

ខេត្តមណ្ឌលគិរី ដែលពឹងផ្អែកលើធនធានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែប ត្រូវបានកំណត់ជាគោលដៅការអភិវឌ្ឍប្រកបដោយចីរភាព

image

មណ្ឌលគិរី៖ អភិបាលរងខេត្តមណ្ឌលគីរី លោក ងិន សុវិមាន បានឱ្យដឹងថា ខេត្តភូមិភាគឦសានមួយនេះ ត្រូវបានកំណត់ជាគោលដៅសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលផ្អែកលើធនធានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែប ដើម្បីបង្កើនសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន ចូលរួមអភិវឌ្ឍន៍ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ ហើយចូលរួមពង្រឹងប្រសិទ្ធភាពអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ។

លោក ងិន សុវិមាន បានលើកឡើងដូចនេះក្នុងពិធីលែងសត្វក្រពើភ្នំ ជាប្រវត្តិសាស្រ្តក្នុងទន្លេស្រែពក កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។ លោកបានលើកឡើងថា សម្រាប់ទិសដៅអភិវឌ្ឍន៍ខេត្ត ត្រូវបានកំណត់ជាខេត្តគោលដៅសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពដែលផ្អែកលើធនធានធម្មជាតិ និងជីវៈចម្រុះ ដ៏សម្បូរបែប។ ទិសដៅនេះរដ្ឋបាលខេត្តបានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ ដោយការពារ និងស្តារនូវប្រព័ន្ធអេកូឡូស៊ី ការកែលម្អជីវភាពសហគមន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

លោកអភិបាលរងខេត្ត បានបន្តទៀតថា ការអភិវឌ្ឍខេត្តមិនអាចកើតមានបានយ៉ាងចីរភាព ប្រសិនបើគ្មានការគ្រប់គ្រង ការពារ និងការអភិរក្ស និងការថែរក្សាធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព។ ធនធានទាំងនេះ ដូចជា សត្វព្រៃ ព្រៃឈើ ប្រព័ន្ធទឹក ជីវៈចម្រុះ និងដីធ្លី មិនត្រឹមតែជាមូលដ្ឋានសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែជាចង្កោមសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ឧស្សាហកម្ម ទេសចរណ៍ និងសន្តិសុខបរិស្ថានរយៈពេលវែងផងដែរ។ ដូច្នេះការអភិរក្សធនធានធម្មជាតិជាមូលដ្ឋានគ្រឹះសម្រាប់ការបង្កើតកំណើនសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ខេត្តជាចាំបាច់៕