សង្គម

រដ្ឋមន្ត្រីការងារ ចុះសួរសុខទុក្ខ និងតាមដានស្ថានភាពកម្មករនិយោជិតរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២ នៅភ្នំពេញ

image


ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះសាកសួរសុខទុក្ខកម្មករនិយោជិតចំនួន ៨នាក់ ដែលបានរងរបួសក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅ ហើយដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យជាតិ តេជោសន្តិភាព។
ជួបជាមួយអ្នករងរបួស និងក្រុមគ្រួសារសាច់ញាតិអ្នកជំងឺ នៅមន្ទីរពេទ្យនីមួយៗ លោករដ្ឋមន្ត្រី បានសម្តែងនូវការសោកស្តាយចំពោះហេតុការណ៍គ្រោះថ្នាក់នេះ ព្រមទាំងបានសួរសុខទុក្ខពីស្ថានភាពសុខភាព ខណៈដែលក្រុមគ្រូពេទ្យបាននិងកំពុងពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់។ ជាមួយនឹងការនាំយកអាហារ និងថវិកាមួយចំនួនឧបត្ថម្ភចំពោះអ្នករងរបួសទាំងអស់សម្រាប់ដោះស្រាយការលំបាកខ្វះខាត លោករដ្ឋមន្ត្រី ជូនពរដល់កម្មករនិយោជិតទាំងអស់សូមឱ្យឆាប់បានជាសះស្បើយ។

ទន្ទឹមនឹងនេះ លោក ហេង សួរ បានណែនាំឱ្យបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បន្តយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការសម្របសម្រួលជាមួយមន្ទីរពេទ្យ និងដោះស្រាយរាល់ទុក្ខលំបាក ដើម្បីធានាថាជនរងគ្រោះទាំងអស់ទទួលបានការគាំពារ និងអត្ថប្រយោជន៍នានាស្របតាមច្បាប់ជាធរមាន។
សូមបញ្ជាក់ថា ជនរងគ្រោះសរុបចំនួន ៩នាក់ កំពុងទទួលការសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ ក្នុងនោះនៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ៦នាក់, មន្ទីរពេទ្យជាតិ តេជោសន្តិភាពចំនួន ២នាក់ និងមន្ទីរពេទ្យព្រះកុសុមៈម្នាក់ ខណៈក្រុមការងារ ប.ស.ស. កំពុងបន្តសម្របសម្រួល និងផ្ទៀងផ្ទាត់អត្តសញ្ញាណ។

បច្ចុប្បន្នស្ថានភាពសុខភាពរបស់អ្នករងរបួសនៅតាមមន្ទីរពេទ្យទាំង៣ នៅរាជធានីភ្នំពេញ កាន់តែប្រសើរហើយ៕