អភិបាលខេត្តបន្ទាយមានជ័យ បន្តនាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទៅចែកជូនគ្រួសារវីរកងទ័ព ៣អង្គភាព
បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យ ណារី អ៊ុំរាត្រី និងលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារ បាននាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ផ្តល់ជូនដល់គ្រួសារកងទ័ពចំនួន ៣អង្គភាព រួមមាន វរសេនាតូចថ្មេីជេីងលេខ៥១៤ ចំនួន ១០២គ្រួសារ, វរសេនាតូចថ្មេីជេីងលេខ៥១៣ ចំនួន ១០៧គ្រួសារ និងវរសេនាតូចថ្មេីជេីងលេខ៥១១ ចំនួន១៧គ្រួសារ ចំណុះកងពលតូចថ្មេីរជេីងលេខ៥១។
ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានបញ្ជាក់ថា វីរកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រមុខថ្នាក់ដឹកនាំ។ ជាមួយគ្នានេះ ក្រុមគ្រួសារីរកងទ័ពនៅសមរភមិក្រោយ ក៏ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ យកចិត្តទុកដាក់ទំនុកបម្រុងជីវភាព តាមរយៈការផ្តល់ស្បៀងជាប្រចាំ ដោយមិនទុកឱ្យគ្រួសារវីរកងទ័ពណាម្នាក់មរងទុក្ខវេទនាឡេីយ។
លោកអភិបាលខេត្ត លេីកឡេីងថា សុខទុក្ខរបស់ក្រុមគ្រួសាររបស់វីរកងទ័ព គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ ដែលត្រូវរួមគ្នាដោះស្រាយជូនភ្លាមៗ។ ក្រុមគ្រួសារវីរកងទ័ពទទួលបានភាពកក់ក្តៅ គឺជាកម្លាំងចិត្តដ៏សំខាន់របស់វីរកងទ័ពនៅជួរមុខ ដែលកំពុងបំពេញភារកិច្ច ក្នុងកិច្ចការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន។ ដូច្នេះហេីយទេីបប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រុមការងារខេត្ត ដែលជាសេនាធិការ នឹងបន្តទំនុកបម្រុងដល់គ្រួសារវីរកងទ័ពជាប់ជាប្រចាំ ទោះស្ថិតនៅក្នុងកាលទេសៈណាដ៏ដោយ រាជរដ្ឋាភិបាល មិនដែលមេីលរំលងក្រុមគ្រួសារវីរកងទ័ព និងប្រជាជនកម្ពុជាឡេីយ។
ក្នុងនោះ លោក ក៏បន្តអំពាវនាវដល់គ្រួសារវីរកងទ័ព ក៏ដូចជាប្រជាជនកម្ពុជា បន្តជឿជាក់ទៅលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយរាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ៕
អត្ថបទ៖ ប៊ុន សំណាង