សង្គម

ផ្សារផលិតផលខ្មែរខេត្តកណ្តាល បាននិងកំពុងដំណើរការលក់កសិផល និងផលិតផល ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ

image


កណ្តាល៖ ផ្សារផលិតផលខ្មែរខេត្តកណ្តាល បាន និងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តកណ្តាល នៅរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ចាប់ពីម៉ោង ៧៖០០ព្រឹក ដល់ម៉ោង ១៣៖០០ថ្ងៃត្រង់ ដែលមានទីតាំងស្ថិតនៅសួនច្បារមាត់ទន្លេ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

សូមបញ្ជាក់ថា ក្រោមការគាំទ្រពីក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តកណ្តាល សម្របសម្រួលដោយមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។
ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ អាជីវករខ្នាតតូច តំណាងឱ្យចង្កោមផលិត ក្រុមកសិករផលិត និងការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់គ្រួសារផលិត (ដាំដុះ ចិញ្ចឹម កែច្នៃ )ដែលអាចរកប្រាក់ចំណូល សំដៅលើកកម្ពស់ជីវភាពរស់នៅឱ្យប្រសើរជាងមុន។

ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាព ផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនដែលស្ថិតនៅក្នុងបន្ទាត់ក្រ១ ក្រ២ នឹងជិតក្រ ជួយជំរុញអភិវឌ្ឍឱ្យពួកគាត់មានជីវភាពកាន់តែប្រសើរឡើង។
សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕

អត្ថបទ៖ ឈុន សុភ័ក្រ