កម្លាំងនគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងបាវិត ឃាត់ខ្លួនមនុស្ស ៣០នាក់
ស្វាយរៀង៖ ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ស្វាយរៀង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំនគរបាល ខេត្តស្វាយរៀង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោក ស្រី ស៊ុន យឺត ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងខេត្ត ចុះស្រាវជ្រាវ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបុរី វីឡា ផ្ទះល្វែង សម្រាប់ជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដោយឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន ៣០នាក់ ស្រី ០២នាក់ (ជនជាតិចិន ២៥នាក់ ស្រី ០១នាក់, មីយ៉ាន់ម៉ា ០៥នាក់ ស្រី ០១នាក់)។
នគរបាលខេត្ត ក៏បានដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន កំព្យូទ័រលើតុ All-In-One , ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ រីឯទីតាំងប្រព្រឹត្តិបទល្មើស បានក្រុមការងារបិទបណ្ដោះអាសន្ន៕
អត្ថបទ៖ មិន ភក្តី