លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំគណៈប្រតិភូទៅចូលរួម វេទិកាសកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦ នៅប្រទេសចិន
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការអញ្ជើញរបស់ International Poverty Reduction Center នៃសាធារណរដ្ឋប្រជាមានិតចិន, លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូទៅចូលរួមននិងឡើងថ្លែងសុន្ទរកថាបើក «វេទិកាសកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦» (2026 Global Poverty Reduction and Development Forum) នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «Uniting Global Efforts to Advance Poverty Reduction»។
វេទិកានេះ ត្រូវបានរៀបចំឡើង ដើម្បីជំរុញសកម្មភាពជាសកល និងផ្តល់នូវផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការបង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរបទពិសោធ ការបង្ហាញគំរូល្អៗក្នុងការស្តារនិងអភិវឌ្ឍជនបទ និងការជំរុញសកម្មភាពសម្រាប់របៀបវារៈឆ្នាំ២០៣០។
ជាមួយគ្នានេះ វេទិកានេះនឹងផ្តោតលើការផ្លាស់ប្តូរគោលនយោបាយ ការចែករំលែកចំណេះដឹង កិច្ចសហប្រតិបត្តិការ និងបទពិសោធ រវាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍ វិស័យឯកជន think-tank និងស្ថាប័នអប់រំ ព្រមទាំងភាគីពាក់ព័ន្ធ សំដៅកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយវេទិកានេះនឹងប្រកាសដាក់ឱ្យដំណើរការ សម្ព័ន្ធសកលសម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ (Global Partnership for Poverty Alleviation and Development - GPPAD) ជាផ្លូវការផងដែរ។
លើសពីនេះ វេទិកានេះមានរបៀបវារៈ
សំខាន់ៗ ដូចជា ពិធីបើកវេទិកា, កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការGPPAD, កិច្ចពិភាក្សាក្នុងអនុវេទិកា (Sub-forum) លើប្រធានបទចំនួន៤ ព្រមទាំងកម្មវិធីដំណើរទស្សនកិច្ច ដោយផ្តោតលើការកាត់បន្ថយភាពក្រីក្រ និងការស្ដារនិងអភិវឌ្ឍជនបទ។
សូមជម្រាបជូនផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាផ្លូវការអំពីការចូលរួមជាសមាជិកក្នុងសម្ព័ន្ធសកលសម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ (GPPAD) ដើម្បីបង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកល សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព៕