ខ្មាន់កាំភ្លើងម្នាក់ត្រូវកម្លាំងសម្ងាត់អាម៉េរិក បាញ់សម្លាប់ ក្រោយបើកការបាញ់ប្រហារនៅខាងមុខសេតវិមាន
សហរដ្ឋអាម៉េរិក៖ មានការបិទខ្ទប់ផ្លូវភ្លាមៗនៅជុំវិញសេតវិមានសហរដ្ឋអាម៉េរិក កាលពីម៉ោង ៦:០០ ល្ងាចថ្ងៃសៅរ៍ (ប្រហែលម៉ោង ៥:០០ ព្រឹក ថ្ងៃអាទិត្យនៅកម្ពុជា) ក្រោយមានខ្មាន់កាំភ្លើងម្នាក់បានដកអាវុធបាញ់ប្រហារនៅឯប៉ុស្តិ៍ត្រួតពិនិត្យ មុនពេលត្រូវសមត្ថកិច្ចបាញ់សម្លាប់ ។
សមត្ថកិច្ចបង្ហើបថា ខ្មាន់កាំភ្លើងដែលស្លាប់បាត់បង់ជីវិតនេះ គឺជាមនុស្សមានប្រវត្តិជួបវិបត្តិផ្លូវចិត្ត និងធ្លាប់ត្រូវតុលាការចេញដីកាហាមឃាត់មិនឱ្យចូលក្បែរសេតវិមានឡើយ ខណៈការបាញ់គ្នានេះ ក៏បានបណ្តាលឱ្យមនុស្សម្នាក់រងរបួសផងដែរ ។
ទោះបីជាលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងតែស្ថិតនៅខាងក្នុងសេតវិមានចំពេលកើតហេតុក៏ដោយ ប៉ុន្តែទីភ្នាក់ងារសម្ងាត់ បានធ្វើការអះអាងថា ប្រធានាធិបតីរូបនេះ មិនមានរងគ្រោះថ្នាក់ ឬប៉ះពាល់ដល់សន្តិសុខឡើយ ។
បើតាមភ្នាក់ងារ RT បានដកស្រង់សាររបស់លោកត្រាំចេញពីបណ្ដាញសង្គម Truth Social ថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំងទីភ្នាក់ងារសម្ងាត់ និងមន្ត្រីអនុវត្តច្បាប់ដ៏ឆ្នើមសម្រាប់ការចាត់វិធានការយ៉ាងរហ័ស និងប្រកបដោយវិជ្ជាជីវៈខ្ពស់ នាល្ងាចថ្ងៃនេះ ក្នុងការបង្ក្រាបខ្មាន់កាំភ្លើងម្នាក់នៅជិតសេតវិមាន ដែលបុរសរូបនោះមានប្រវត្តិចូលចិត្តប្រើអំពើហិង្សា និងអាចមានការគុំកួន ឬចង់បំផ្លិចបំផ្លាញសំណង់អគារដ៏សក្ការៈបំផុតនៃប្រទេសជាតិរបស់យើង។ ខ្មាន់កាំភ្លើងរូបនេះ បានបាត់បង់ជីវិតហើយ ក្រោយពីមានការបាញ់តបតគ្នាយ៉ាងខ្លាំងក្លាជាមួយភ្នាក់ងារសម្ងាត់ នៅជិតទ្វាររបងសេតវិមាន ។
គួរជម្រាបថា នេះជាករណីបាញ់ប្រហារក្បែរមេដឹកនាំអាម៉េរិកលើកទី២ ហើយក្នុងរយៈពេលមិនដល់មួយខែផង បន្ទាប់ពីកាលពីខែមុន មានការបាញ់ប្រហារក្នុងកម្មវិធីជប់លៀងមួយ ដោយបង្ខំឱ្យមានការជម្លៀសលោក ដូណាល់ ត្រាំ ចេញទាំងប្រញាប់ប្រញាល់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY/ RT/ Reuters | រូបភាព៖ VIORY/ (REUTERS/Kylie Cooper)/ (REUTERS/Nathan Howard)/ RT