ព័ត៌មានអន្តរជាតិ

គ្រោះអគ្គិភ័យដ៏ខ្លាំងក្លាមួយ ឆាបឆេះតំបន់ Chinatown ដ៏ចំណាស់ជាងគេបំផុតលើពិភពលោក ក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន

image


 
ហ្វីលីពីន៖ គ្រោះអគ្គិភ័យដ៏ខ្លាំងក្លាមួយ បានឆាបឆេះតំបន់លំនៅឋានរបស់ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅក្នុងសហគមន៍ ប៉ារ៉ូឡា (Parola) សង្កាត់ប៊ីណុនដូ (Binondo) ដែលជាតំបន់ឆាយណាថោន (Chinatown) ដ៏ចំណាស់ជាងគេបំផុតលើពិភពលោក ក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ។
 
ដោយសារតែអណ្តាតភ្លើង បានឆាបឆេះរាលដាលលឿនដូចព្យុះ អាជ្ញាធរក្រុងម៉ានីល បានប្រកាសអាសន្នកម្រិតខ្ពស់ភ្លាមៗ រហូតត្រូវស្នើសុំកម្លាំងឡានទឹកជួយសង្គ្រោះពីបណ្ដាក្រុងជិតខាង និងត្រូវហៅទាំងកងទ័ពអាកាសហ្វីលីពីន ឱ្យចេញមកជួយបាញ់ទឹកពន្លត់ពីលើអាកាសផងដែរ ។
 
ភ្លាមៗនោះ ក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយ បានដំឡើងកម្រិតគ្រោះអគ្គិភ័យនេះ ដល់កម្រិតធ្ងន់ធ្ងរ ព្រមទាំងបានអំពាវនាវយ៉ាងដាច់ខាត ហាមឃាត់មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរចូលក្នុងតំបន់កើតហេតុឡើយ ដើម្បីកុំឱ្យស្ទះផ្លូវឡានទឹក ។
 
មកទល់នឹងពេលនេះ អាជ្ញាធរហ្វីលីពីន មិនទាន់បានបញ្ចេញរបាយការណ៍ផ្លូវការ ជុំវិញចំនួនមនុស្សស្លាប់ របួស ឬទំហំនៃការខូចខាតទ្រព្យសម្បត្តិឡើយ ខណៈមន្ត្រីជំនាញបានធ្វើការកាត់ផ្ដាច់ចរន្តអគ្គិសនីក្នុងតំបន់នោះជាបន្ទាន់ និងប្រញាប់ប្រញាល់ស៊ើបអង្កេតរកមូលហេតុបង្កឱ្យមានការឆេះនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video.