ព័ត៌មានអន្តរជាតិ

បាក់រលំអគារកំពុងសាងសង់កម្ពស់ ៩ជាន់មួយកន្លែងនៅហ្វីលីពីន នាព្រឹកថ្ងៃអាទិត្យនេះ ខណៈអាជ្ញាធរបារម្ភថា​ អាចមានមនុស្ស​ ៣០​ ទៅ៤០នាក់​ កំពុងជាប់ក្រោមគំនរបាក់បែក

image


ហ្វីលីពីន៖ គ្រោះមហន្តរាយដ៏រន្ធត់មួយបានកើតឡើងនៅក្នុងប្រទេសហ្វីលីពីន ដោយមានការដួលរលំអគារកំពុងសាងសង់កម្ពស់ ៩ជាន់មួយកន្លែង ដែលបង្កជាការភ្ញាក់ផ្អើលដល់កងកម្លាំងជួយសង្គ្រោះទាំងព្រឹកព្រលឹមថ្ងៃអាទិត្យ ។
 
លោក ជេ ផេឡាយ៉ូ (Jay Pelayo) មន្ត្រីព័ត៌មានប្រចាំទីក្រុងអ៊ែនជើលឡេស (Angeles City) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ជញ្ជាំង និងរន្ទាសំណង់នៃអគារនោះ បានបត់កោងចូលគ្នា និងបាក់រលំ ដែលបានធ្វើឱ្យមនុស្សជាច្រើននាក់ ជាប់គាំងនៅក្នុងគំនរបាក់បែក ។
 
អាជ្ញាធរមូលដ្ឋានមានការភ័យខ្លាចយ៉ាងខ្លាំងថា អាចមានកម្មករ និងមនុស្សចន្លោះពី ៣០ ទៅ ៤០នាក់ កំពុងតែជាប់គាំងនៅក្រោមគំនរបេតុង ដោយផ្អែកលើការផ្ដល់ព័ត៌មានពីមេការសំណង់ដែលបានរត់រួចខ្លួន ។
 
មកទល់ពេលនេះ ក្រុមសង្គ្រោះបានជួយជីវិតមនុស្សបានចំនួន ៨នាក់ និងមានមនុស្ស ១១នាក់ផ្សេងទៀតរត់រួច ចំណែកឯមូលហេតុពិតប្រាកដនៃការបាក់ជញ្ជាំង និងរន្ទាអគារនេះ គឺវិស្វករក្រុងកំពុងបើកការស៊ើបអង្កេតលើប្រវត្តិនៃការសាងសង់ ។
 
ប្រតិបត្តិការសង្គ្រោះកំពុងជួបឧបសគ្គធំៗ ដោយសារតែគំនរបាក់បែកជាផ្ទាំងស៊ីម៉ង់ត៍ និងដែកថែបក្រាស់ៗពិបាករុះរើ ព្រមទាំងមានការដាច់ខ្សែភ្លើងរញ៉េរញ៉ៃ ទើបអាជ្ញាធរអំពាវនាវឱ្យប្រជាពលរដ្ឋជម្លៀសខ្លួន និងសហការ ដើម្បីកុំឱ្យយឺតយ៉ាវដល់ការជួយជីវិតមនុស្ស ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via CNA | រូបភាព៖ FaceBook via The New Indian Express/ SCMP/ (Reuters/Romeo Ranoco)