សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ការបង្ក្រាបបទល្មើសអនឡាញ ត្រូវដើរទន្ទឹមនឹងការបង្រ្កាបមន្ដ្រីដែលពាក់ព័ន្ធ និងមន្ដ្រីដែលគ្មានសកម្មភាពបង្ក្រាប ដោយគ្មានការលើកលែង
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដោយច្បាស់ៗថា រាល់ការបង្រ្កាបនូវបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ឬការឆបោកតាមអនឡាញ ដាច់ខាតត្រូវតែដើរទន្ទឹមនឹងការបង្ក្រាបមន្ដ្រីទាំងឡាយណាដែលជាប់ពាក់ព័ន្ធ រួមទាំងមន្ដ្រីដែលមិនខ្វល់ខ្វាយ ឬអសកម្ម ដោយគ្មានការលើកលែងឡើយ។
សម្តេចមានប្រសាសន៍បែបនេះ នាឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចុះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរាជធានីភ្នំពេញ ដែលមានថ្នាក់ដឹកនាំសំខាន់ៗ និងសមាជិកសមាជិកប្រមាណជិត៥ពាន់នាក់។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្ដថា កម្ពុជាមិនប្រងើយកន្ដើយនឹងការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាទេ ហើយសេដ្ឋកិច្ចកម្ពុជាក៏មិនបានពឹងផ្អែកលើចំណូលពីអនឡាញដែរ ដោយកម្ពុជាមានភាពរឹងមាំផ្នែកសេដ្ឋកិច្ចដោយខ្លួនឯង។
សម្ដេចតតេជោ បានបន្ដថា ចំពោះមន្ដ្រីដែលសមគំនិត ពាក់ព័ន្ធបទលើ្មសបច្ចេកវិទ្យា ត្រឹមតែការដកតំណែងគឺមិនគ្រប់គ្រាន់ទេគឺត្រូវប្រឈមមុខចំពោះតុលាការ ហើយបើរកឃើញថាពិតជាបានប្រព្រឹត្ដិខុសត្រូវរឹបអូសទាំងទ្រព្យសម្បត្ដិផងដែរ ដោយមិនអាចលើកលែងដាច់ខាត ព្រោះមន្ដ្រីបែបនេះជាប្រភេទមន្ដ្រីមហន្ដរាយ។
បន្ថែមពីនេះ សម្ដេចអំពាវនាវ ឲ្យចៅហ្វាយខេត្ដ មេប៉េអឹម ស្នងការនគបាល ត្រូវចាត់វិធានការបង្ក្រាបឲ្យអស់ពីក្នុងខេត្ដរបស់ខ្លួន តែប្រសិនបើចៅហ្វាយខេត្ដ មេប៉េអឹម ស្នងការនគបាល តាមគ្រប់បណ្ដាខេត្ដណាដែលគ្មានសកម្មភាព ឬមិនខ្វល់ខ្វាយ ចំពោះការបង្រ្កាបបទល្មើសតាមអនឡាញនោះទេនឹងត្រូវដកអនុវត្ដកាតដកចេញពីតំណែងតែម្ដង៕
អត្ថបទ ៖ ឈឹម ធីតា
រូបភាព៖ ប៉ក់ សុឃីម