សង្គម

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប

image


ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិក គណបក្ស ជាង៧៨ម៉ឺននាក់ (៧៨៧.៧៧៤នាក់) ក្នុងនោះស្រី ជាង៤២ម៉ឺននាក់ (៤២១.០៥៨នាក់) ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ជិត១លាននាក់ (៩៩៩.៦៣៨នាក់) ហើយក្នុងនោះសមាជិកគណបក្សជាយុវជន (មានអាយុ ១៨-៣៥ឆ្នាំ) មានជាង២៧ម៉ឺននាក់ (២៧២.០៧៣នាក់) ស្មើនឹង៣៤,៥៤% នៃចំនួន សមាជិកគណបក្សសរុប។

លោក ឃួង ស្រេង ថ្លែងដូចនេះ ក្នុង “ពិធី សំណេះសំណាលជាមួយក្រុមប្រឹក្សារាជធានី-ខណ្ឌ-សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្នុងរាជធានីភ្នំពេញ” ប្រមាណ៤.៣០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ។
លោក ឃួង ស្រេង បានបន្តថា គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក៏បានធ្វើការអូសទាញ បេក្ខជន ភ្នាក់ងារ និងសកម្មជនដែលមកពីគណបក្សដទៃបានជាង៣ពាន់៦០០នាក់ (៣.៦៤២នាក់) ផងដែរ ដោយសមាជិកកសាងថ្មីទាំងនេះ ត្រូវបានដាក់ឱ្យបម្រើការ នៅក្នុងសាខាគណបក្សមូលដ្ឋាន និងសាខាពិសេសគណបក្ស (ភ.ព) ទាំង ១៨ ចំណុះឱ្យគណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ ដែលបច្ចុប្បន្នពួកគេកំពុងអនុវត្តយ៉ាងសកម្មនូវកិច្ចការចលនាអូសទាញសមាជិក គណបក្សដទៃ, ធ្វើការឃោសនា និងវាយបកទៅកាន់បណ្តាមតិអវិជ្ជមានរបស់ពួកអមិត្តនៅលើបណ្តាញសង្គមគ្រប់ប្រភេទ។
លោក ឃួង ស្រេង បានឱ្យដឹងដែរថា គិតចាប់ពីឆ្នាំ២០២២ រហូតដល់ ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានទទួលនូវជ័យជម្នះយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតចំនួន ៤ លើក៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ ប៉ក់ សុឃីម