ព្រឹកនេះ! សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្ដីទី អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរាជធានីភ្នំពេញ ប្រមាណ៤.៣០០នាក់
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្ដី ទី កម្ពុជា បានអញ្ជេីញបន្ដចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ក្រសួង ស្ថានប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរាជធានីភ្នំពេញ ហេីយកម្មវិធីនេះឱកាសនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់ សម្ដេច មហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាផងដែរ ដែលប្រារព្ធឡេីងនៅសាលពិព័រណ៍កោះពេជ្រ។
ជំនួបនៅរាជធានីភ្នំពេញនេះជាជំនួបទី៨ហើយ បន្ទាប់ពីខេត្ដកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង និងព្រៃវែង ដែលកម្មវិធីនាឱកាសនេះមានការអញ្ជេីញចូលរួមពី សំណាក់សម្ដេចមហារដ្ឋសភាធីកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចក្រឡាហោម ស ខេង សម្ដេច វិបុលសេនាភក្ដី សាយ ឈុំ សម្ដេចពិជ័យសេនា ទៀ បាញ់ សម្ដេច កិតិសឹង្ហបណ្ឌិត ម៉ែន សំអន រួមទាំងវត្ដមានឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី និងសមាជិក សមាជិកា ប្រមាណ៤.៣០០នាក់។
ការចុះជួបសំណេះសំណាលនេះជាសកម្មភាពដែលសម្ដេចតេជោ ហ៊ុន សែន តែងតែអនុវត្ដជាប់ជាប្រចាំ ដើម្បីជួបផ្ទាល់ដឹងសុខទុក្ខ និងស្ដាប់នូវរបាយការណ៍ពីថ្នាក់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ផ្ទាល់ ដើម្បីក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
តាមរយៈ ការចុះជួបសំណេះសំណាលជាមួយន្ដ្រីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ប៉ុន្មានខេត្ដកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្ដីទី តែងតែបានក្រើនរំលឹកទៅកាន់មន្ដ្រីមូលដ្ឋានឱ្យត្រូវយកចិត្ដទុកដាក់ពីសុខទុក្ខ តម្រូវការចំបាច់ ផ្សេងៗ របស់ប្រជាពលរដ្ឋ ពិសេសការបម្រើសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ដោយជៀសវាងឱ្យបាននូវការថ្នាំងថ្នាក់រវាងប្រជាជន និងមន្រ្ដីនៅមូលដ្ឋាន។
គោលបំណងសំខាន់មួយទៀតគឺពង្រឹងភាពជិតស្និទ្ធ និងការធ្វើគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។
តាមការគ្រោងទុក បន្ទាប់ពីជំនួបនៅរាជធានីភ្នំពេញនេះ សម្ដេចតេជោ ហ៊ុន សែន នឹងបន្ដទៅជួបសំណេះសំណាលជាមួយមន្ត្រីរាជការជាសមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នៅទូទាំងប្រទេសកម្ពុជា៕
អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ប៉ក់ សុឃីម