សមត្ថកិច្ចចម្រុះខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនជនបរទេស ១៧នាក់
ប៉ៃលិន៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរខេត្តប៉ៃលិន ដោយអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ សហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្តចុះធ្វើរដ្ឋបាលត្រួតពិនិត្យនៅតាមផ្ទះជួល សណ្ឋាគារ ផ្ទះសំណាក់ និងរីសត ស្ថិតក្នុងក្រុងប៉ៃលិនចំនួន ៣ទីតាំង និងស្រុកសាលាក្រៅចំនួន ២ទីតាំង ដែលសង្ស័យពាក់ព័ន្ធនឹងការលួចបង្កប់សកម្មភាពបទល្មើសបច្ចេកវិទ្យា (Online Scams)។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានបង្ក្រាបទីតាំងមួយកន្លែង និងរឹបអូសសម្ភារៈជាច្រើន ដែលគេសង្ស័យថា ប្រើប្រាស់សម្រាប់ធ្វើសកម្មភាពខុសច្បាប់ និងលាក់ទុកនៅក្នុងបន្ទប់ជួលមួយទីតាំង។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនបរទេសចំនួន ១៧នាក់ ដែលស្នាក់នៅក្បែរទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យឯកសារ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
បើតាមសមត្ថកិច្ច យុទ្ធនាការចុះត្រួតពិនិត្យរដ្ឋបាលនេះ នឹងបន្តអនុវត្តនៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ និងតាមគោលដៅសំខាន់ៗនៅទូទាំងខេត្ត រួមទាំងការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅតាមដងផ្លូវជាតិសំខាន់ៗ ដើម្បីពង្រឹងការអនុវត្តវិធានការសន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។
ប្រតិបត្តិការនេះ ក៏មានគោលបំណងរឹតបន្តឹងការគ្រប់គ្រងសុវត្ថិភាព ពិសេសការទប់ស្កាត់ការស្នាក់នៅដោយខុសច្បាប់របស់ជនបរទេស នៅតាមសណ្ឋាគារ ផ្ទះសំណាក់ រីសត ផ្ទះជួល និងទីតាំងកាស៊ីណូ ដើម្បីបង្ការ និងបង្ក្រាបបទល្មើសជួញដូរមនុស្ស ព្រមទាំងបទល្មើសបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ សុខ វិច្ឆ័យ