មូលនិធិគន្ធបុប្ផាកម្ពុជា ប្រកាស “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ពេញមួយខែមិថុនា ឆ្នាំ២០២៦
ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រកាសថា “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា នឹងត្រលប់មកសារជាថ្មី ពេញមួយខែមិថុនា ឆ្នាំ២០២៦ ដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នឹងផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញដឹកនាំ និងបើកយុទ្ធនាការនេះ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។
យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើងដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា និងបំផុសចលនាសប្បុរសធម៌ ក៏ដូចជារម្លឹកឱ្យមានការចូលរួមបរិច្ចាគ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” រួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគនុ្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។
មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានអំពាវនាវដល់សាធារណជន សប្បុរសជន ក្រសួង-ស្ថាប័ន ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុដៃគូ ចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា។ ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានអំពាវនាវដល់សិល្បករ សិល្បការិនី តារាសម្ដែង បុគ្គលមានប្រជាប្រិយ អង្គភាពសារព័ត៌មានជាតិ-អន្ដរជាតិ និងភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយអំពីយុទ្ធនាការនេះ ឱ្យបានកាន់តែសកម្ម កាន់តែទូលំទូលាយ និងកាន់តែផុសផុលបន្ថែមទៀត តាមមធ្យោបាយរៀងៗខ្លួន។
ដើម្បីចូលរួមក្នុងយុទ្ធនាការ “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” សូមបរិច្ចាគតាមរយៈលេខគណនីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅតាមបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូរបស់មូលនិធិ (ដូចមានក្នុងរូបភាពជូនភ្ជាប់) ឬធ្វើការទំនាក់ទំនង តាមរយៈលេខទូរសព្ទ៖ ០១២ ២៣៥ ៥៨២, ០៩៩ ៣៣៣ ១៣៣, ០១២ ៩២៩ ៧២៧, ០១៦ ៨០៨ ៩០៥, ឬ ០៧០ ២០៦ ៧៤៦៕