សមាគមសិល្បករខ្មែរ ទទួលថវិកាឧបត្ថម្ភលើកទី៣ ពី ជីប ម៉ុង គ្រុប ក្នុងគោលបំណងគាំទ្រដល់និរន្តរភាព និងការអភិវឌ្ឍវិស័យសិល្បៈ និងវប្បធម៌កម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បន្តចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យសិល្បៈ និងវប្បធម៌ខ្មែរ តាមរយៈការឧបត្ថម្ភគាំទ្រដល់សមាគមសិល្បករខ្មែរ រយៈពេល ១០ឆ្នាំជាប់ៗគ្នា ក្នុងគោលបំណងអភិរក្ស និងផ្សព្វផ្សាយអត្តសញ្ញាណជាតិខ្មែរ ឱ្យកាន់តែទូលំទូលាយ និងជំរុញភាពរីកចម្រើននៃសម្បត្តិវប្បធម៌ជាតិ។
ពិធីប្រគល់ថវិកាឧបត្ថម្ភលើកទី៣ របស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដើម្បីគាំទ្រមូលនិធិសមាគមសិល្បករខ្មែរ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ក្រោមវត្តមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ, លោកជំទាវ គឹម ចាន់ណា សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង, ឧកញ៉ា គិត លីច័ន្ទផាន់ណា ប្រធានប្រតិបត្តិ និងនាយកប្រតិបត្តិនៃក្រុមហ៊ុន KLYP និងជាអនុប្រធាន ព្រមទាំងទីប្រឹក្សាជាន់ខ្ពស់របស់សមាគមសិល្បករខ្មែរ រួមជាមួយសិល្បករ-សិល្បការិនីជាច្រើនរូប។
លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ បានលើកឡើងថា ការឧបត្ថម្ភរបស់ ខ្មែរ ប៊ែវើរីជីស ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន ក្នុងការចូលរួមថែរក្សាទម្រង់ដើមសិល្បៈ បង្កើនភាពច្នៃប្រឌិត និងជំរុញការរីកចម្រើននៃសម្បត្តិវប្បធម៌ខ្មែរ។
លោកបានបញ្ជាក់ថា ជីប ម៉ុង លែន ដែលជាពហុពាណិជ្ជកម្មមួយរបស់ ជីប ម៉ុង គ្រុប ក៏បានចូលរួមសហការជាមួយសមាគមសិល្បករខ្មែរ តាមរយៈការឧបត្ថម្ភថវិកាសរុប ១០ម៉ឺនដុល្លារ សម្រាប់ការប្រគំតន្ត្រី «Rise For Khmer» នៅទីក្រុងប៉ារីស ដើម្បីផ្សព្វផ្សាយពីការគាំទ្រចលនាមនុស្សធម៌ និងលើកស្ទួយវិស័យសិល្បៈខ្មែរ នៅលើឆាកអន្តរជាតិ។
លោកគូសបញ្ជាក់ថា សិល្បៈ គឺជាអ្វីដែលដូនតាខ្មែរបានបន្សល់ទុក និងជាកេរ្តិ៍តំណែលមួយដ៏អស្ចារ្យ ដែលបង្ហាញអំពីអត្តសញ្ញាណជាតិ ហើយក៏ជាចំណុចគោលមួយ ដែលបង្កើតឱ្យមានការច្នៃប្រឌិតផ្សេងៗ លើទម្រង់សិល្បៈជាច្រើន ស្របតាមសម័យកាល។ ក្នុងនាមជាអ្នកដែលតែងតែជំរុញគាំទ្រ បង្កើតព្រឹត្តិការណ៍សិល្បៈគ្រប់ទម្រង់ច្រើនជាងគេ ខ្មែរ ប៊ែវើរីជីស ជឿជាក់ថា សិល្បករ-សិល្បការិនីជំនាន់ក្រោយ សុទ្ធសឹងតែជាកម្លាំងស្នូល ដែលកំពុងបន្តវេន អភិរក្សវប្បធម៌ជាតិ ហើយកិច្ចសហការរវាងខ្មែរ ប៊ែវើរីជីស និងសមាគមសិល្បករខ្មែរ គឺជាការរួបរួមគ្នាដ៏រឹងមាំ ធ្វើយ៉ាងណាឱ្យវប្បធម៌ខ្មែរយើងកាន់តែរស់រវើក និងបន្តរីកចម្រើនទៅថ្ងៃអនាគត។
ក្នុងឱកាសនោះ លោក ក៏បានថ្លែងអំណរគុណដល់សមាគមសិល្បករខ្មែរ ដែលបានបន្តជួយគាំទ្រសិល្បករ-សិល្បការិនី និងផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ ឱ្យកាន់តែរីកសុះសាយទាំងក្នុង និងក្រៅប្រទេស។
ជាមួយគ្នានេះ ឧកញ៉ា គិត លីច័ន្ទផាន់ណា អនុប្រធាន និងទីប្រឹក្សាជាន់ខ្ពស់នៃសមាគមសិល្បករខ្មែរ តំណាងឱ្យលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានសម្តែងនូវការដឹងគុណចំពោះ ជីប ម៉ុង គ្រុប ដែលបានបន្តផ្តល់ទំនុកចិត្ត និងគាំទ្រវិស័យសិល្បៈ និងវប្បធម៌ខ្មែរ។
ឧកញ៉ា គិត លីច័ន្ទផាន់ណា បានថ្លែងថា ជីប ម៉ុង គ្រុប បានបង្ហាញឲ្យឃើញជាបន្តបន្ទាប់ថា ភាពជាអ្នកដឹកនាំសាជីវកម្មពិតប្រាកដ មិនត្រឹមតែវាស់វែងតាមភាពជោគជ័យក្នុងអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈឆន្ទៈក្នុងការចូលរួមអភិវឌ្ឍជាតិ ការអភិរក្សវប្បធម៌ និងការបង្កើតផលប៉ះពាល់វិជ្ជមានដល់សង្គមផងដែរ។ តាមរយៈការប្តេជ្ញាចិត្តរយៈពេលវែង ជីប ម៉ុង គ្រុប បានក្លាយជាដៃគូដ៏សំខាន់មួយ ក្នុងការពង្រឹងវិស័យសិល្បៈ និងវប្បធម៌កម្ពុជា។
ឧកញ៉ា បានបញ្ជាក់ថា ការឧបត្ថម្ភប្រចាំឆ្នាំចំនួន ៧៧.៧៧៧ដុល្លារអាមេរិក ដែលប្តេជ្ញាផ្តល់ជារៀងរាល់ឆ្នាំក្នុងរយៈពេល ១០ឆ្នាំ បានផ្តល់ការគាំទ្រដ៏មានសារៈសំខាន់ ដល់និរន្តរភាព និងចក្ខុវិស័យរយៈពេលវែងរបស់សមាគម ព្រមទាំងបង្កើតការលើកទឹកចិត្ត និងឱកាសសម្រាប់សិល្បករ និងអ្នកប្រកបវិជ្ជាជីវៈវប្បធម៌កម្ពុជា។
ឧកញ៉ា គិត លីច័ន្ទផាន់ណា បានបន្តថា ការឧបត្ថម្ភនៅថ្ងៃនេះ មានអត្ថន័យលើសពីជំនួយហិរញ្ញវត្ថុ ដោយវាបង្ហាញពីជំនឿរួមលើសារៈសំខាន់នៃការអភិរក្ស និងលើកស្ទួយសិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ សម្រាប់មនុស្សជំនាន់ក្រោយ។
ឧកញ៉ា បានបន្ថែមថា ស្របជាមួយគំនិតផ្តួចផ្តើម ដូចជា ការសម្តែងរបាំព្រះរាជទ្រព្យនៅអឺរ៉ុប និងកម្មវិធី “Rise For Khmer” នៅទីក្រុងប៉ារីស សមាគមក៏កំពុងធ្វើការជាមួយដៃគូអន្តរជាតិផ្សេងទៀត រួមមាន នៅប្រទេសអូស្ត្រាលី ដើម្បីពង្រឹងការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ និងការទទួលស្គាល់សិល្បៈ និងអត្តសញ្ញាណកម្ពុជា នៅលើឆាកពិភពលោក។
ឧកញ៉ា ក៏បានលើកឡើងពីបទពិសោធន៍ផ្ទាល់ខ្លួនថា ក្នុងនាមជាខ្មែរអូស្ត្រាលី ដែលកើតក្នុងជំរំជនភៀសខ្លួនក្នុងសម័យក្រោយរបបខ្មែរក្រហម និងធំធាត់នៅប្រទេសអូស្ត្រាលី ដោយទទួលការអប់រំ និងការរស់នៅបែបលោកខាងលិច។ ប៉ុន្តែបន្ទាប់ពីបានមកដល់កម្ពុជា ឧកញ៉ាមានអារម្មណ៍ថា បានភ្ជាប់ខ្លួនជាមួយមាតុភូមិយ៉ាងជ្រាលជ្រៅ និងចង់ចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ទោះបីជាលោកធ្លាប់មានការយល់ដឹងតិចតួចអំពីវប្បធម៌ ប្រពៃណីខ្មែរ និងសូម្បីតែភាសាខ្មែរ។
ឧកញ៉ា គិត លីច័ន្ទផាន់ណា ក៏បានអំពាវនាវដល់បងប្អូនខ្មែរដែលរស់នៅក្រៅប្រទេស ឱ្យត្រឡប់មកភ្ជាប់ខ្លួនជាមួយឫសគល់របស់ខ្លួនវិញ តាមរយៈការសិក្សាពីវប្បធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ ព្រមទាំងនាំយកចំណេះដឹង និងបទពិសោធន៍ មកចូលរួមអភិវឌ្ឍអនាគតប្រទេសកម្ពុជា៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ អេង សុគុណ, លឹម មុនី និង អ៊ុន ផាន់ណាត់