ព័ត៌មានជាតិ

អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ចាត់ទុកអំឡុងពេលពពោះ គឺជាដំណាក់កាលដ៏សំខាន់ និងមានតម្លៃបំផុតសម្រាប់ស្ត្រី ដូចនេះការត្រួតពិនិត្យសុខភាពជាប្រចាំ គឺជារឿងចាំបាច់បំផុតសម្រាប់មាតា និងទារក

image

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានមានប្រសាសន៍ថា អំឡុងពេលពពោះ គឺជាដំណាក់កាលដ៏សំខាន់ និងមានតម្លៃបំផុតសម្រាប់ស្ត្រី និងក្រុមគ្រួសារ ដូចនេះការត្រួតពិនិត្យសុខភាពជាប្រចាំ គឺជារឿងចាំបាច់បំផុតសម្រាប់មាតា និងទារក ដើម្បីធានាថាទារកក្នុងផ្ទៃ មានការលូតលាស់ល្អត្រឹមត្រូវ និងមានសុខភាពប្រក្រតី ដែលក្នុងនោះ “ការពិនិត្យអេកូសាស្រ្ត” ឬ Ultrasound គឺជាវិធីសាស្រ្តវេជ្ជសាស្ត្រដ៏សំខាន់មួយ ដែលជួយឱ្យគ្រូពេទ្យអាចពិនិត្យសុខភាពទារកក្នុងផ្ទៃ បានយ៉ាងច្បាស់។


លោកអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត មានប្រសាសន៍ដូចនេះ ក្នុងសិក្ខាសាលាស្ដីពីការពិនិត្យអេកូសាស្រ្តលើស្រ្តី មានផ្ទៃពោះដើម្បីស្រាវជ្រាវរកភាពមិនប្រក្រតី នៃសិរីរាង្គទារកក្នុងផ្ទៃ មុនពេលសម្រាល ដែលរៀបចំឡើងដោយសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា និងក្រុមការងារផ្នែកសម្ភព និងរោគស្រ្តី នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជាឱកាសសម្រាប់ការចែករំលែកចំណេះដឹង និងពង្រឹងសមត្ថភាពជំនាញបន្ថែម ដល់វេជ្ជបណ្ឌិតឯកទេសក្នុងការពង្រឹងលើជំនាញ និង ការថែទាំ ព្យាបាលអ្នកជំងឺមានប្រសិទ្ធភាព និងគុណភាពកាន់តែខ្ពស់ សំដៅបង្កើនគុណភាពសេវាសុខាភិបាល ឱ្យឈានទៅកាន់កម្រិតខ្ពស់បន្ថែមទៀត។


លោក គង់ សន្យា មានប្រសាសន៍ថា "ការពិនិត្យអេកូសាស្រ្ត អាចជួយកំណត់អាយុកាលគភ៌ ទីតាំងទារក ចំនួនទារក និងការលូតលាស់របស់សរីរាង្គផ្សេងៗដូចជា ខួរក្បាល បេះដូង តម្រងនោម ឆ្អឹង និងសរីរាង្គ សំខាន់ៗផ្សេងទៀត។ លើសពីនេះ វាក៏អាចជួយស្រាវជ្រាវរកភាពមិនប្រក្រតីមួយចំនួន ដូចជាភាពខ្វះខាតនៃសរីរាង្គ បេះដូងមិនប្រក្រតី ការលូតលាស់យឺតរបស់ទារក ឬបញ្ហាផ្សេងៗ ដែលអាចប៉ះពាល់ដល់ជីវិតម្តាយ និងទារក។ ការរកឃើញបញ្ហាទាំងនេះ មុនពេលសម្រាល វាមានសារៈសំខាន់ណាស់ ព្រោះវាអាចអនុញ្ញាតឱ្យក្រុមគ្រូពេទ្យ រៀបចំផែនការព្យាបាល ឬតាមដានបានទាន់ពេលវេលា។"


លោក គង់ សន្យា ណែនាំដល់ស្ត្រីមានផ្ទៃពោះគ្រប់រូប គួរតែទៅពិនិត្យផ្ទៃពោះ តាមការណែនាំរបស់វេជ្ជបណ្ឌិតជំនាញ និងមិនគួរមើលរំលងការពិនិត្យអេកូសាស្រ្តឡើយ។ ការយល់ដឹង និងការថែទាំសុខភាពបានត្រឹមត្រូវ គឺជាគន្លឹះដ៏សំខាន់ក្នុងការបង្កើតកូន ដែលមានសុខភាពល្អ និងអនាគតល្អសម្រាប់គ្រួសារ និងសង្គមជាតិ។


បើតាមលោកសាស្ត្រាចារ្យជំនួយ គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ បង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការកែលម្អគុណភាពសេវាសុខាភិបាល សម្រាប់មាតា និងទារកនៅកម្ពុជា។ ការរកឃើញមុននៃភាពខូចខាត របស់ទារកតាមរយៈការធ្វើអុលត្រាសោន មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការកាត់បន្ថយអត្រាជំងឺ និងអត្រាស្លាប់ ព្រមទាំងជួយដល់ការសម្រេចចិត្តព្យាបាល ឱ្យបានសមស្រប។

សិក្ខាសាលារយៈពេល ៣នេះ នឹងមានកម្មវិធីសម្បូរបែប និងមានរចនាសម្ព័ន្ធល្អ រួមមាន៖ ១- បទបង្ហាញអំពីរូបរាងទារក និងភាពខូចខាតទូទៅ, ២- ការពិភាក្សាករណី ដើម្បីពង្រឹងសមត្ថភាពវិនិច្ឆ័យ
និង៣- ការបណ្តុះបណ្តាលអនុវត្តជាក់ស្តែងលើអុលត្រាសោន។ កម្មវិធីទាំងនេះ នឹងជួយបង្កើនទាំងចំណេះដឹង និងជំនាញអនុវត្តរបស់គ្រូពេទ្យក្នុងការងារប្រចាំថ្ងៃ៕


អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី