សហភាពអឺរ៉ុប ព្រមានពីវិបត្តិសេដ្ឋកិច្ចដ៏ដុនដាបរបស់គុយបា នៅក្នុងកិច្ចប្រជុំកំពូលកម្រិតខ្ពស់លើកដំបូងជាមួយម៉ិកស៊ិក មិនធ្លាប់មានក្នុងរយៈពេល ១១ឆ្នាំ
អឺរ៉ុប៖ នៅក្នុងកំឡុងពេលធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីនៃក្រសួងការបរទេសម៉ិកស៊ិក លោក រ៉ូប៊ឺតូ វីឡាស្កូ (Roberto Velasco) នៅទីក្រុងម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ ប្រធានតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោកស្រី កាយ៉ា កាឡាស់ (Kaja Kallas) បានថ្លែងថា វិបត្តិសេដ្ឋកិច្ចរបស់ប្រទេសគុយបា បានឈានមកដល់ «ចំណុចទាល់ច្រកដ៏គ្រោះថ្នាក់បំផុតហើយ» ។
លោកស្រី កាឡាស់ បានបញ្ជាក់ថា «វិបត្តិសេដ្ឋកិច្ចរបស់ប្រទេសគុយបា ពិតជាកំពុងឈានដល់ចំណុចគ្រោះថ្នាក់បំផុត។ ប្រជាជនគុយបា សមនឹងទទួលបានឱកាស និងសេរីភាព មិនមែនទទួលបានការរឹតបន្តឹងចំពោះការគ្រប់គ្រង និងការដាក់ឱ្យនៅឯកោបន្ថែមទៀតនោះទេ»។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី ក៏បានរិះគន់រដ្ឋាភិបាលគូបាចំៗផងដែរ ជុំវិញការដឹកនាំសេដ្ឋកិច្ចមិនបានល្អ និងការប្រើអំណាចគាបសង្កត់លើសេរីភាពនយោបាយរបស់ប្រជាពលរដ្ឋ ។
សារនយោបាយរបស់លោកស្រី កាឡាស់ ខាងលើនេះ ធ្វើឡើងនៅក្នុងកំឡុងពេលដែលលោកស្រី រួមដំណើរជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ើរស៊ូឡា វុន ដឺ ឡេយែន (Ursula von der Leyen) និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អង់តូនីញ៉ូ កូស្តា (Antonio Costa) ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៨ រវាងម៉ិកស៊ិក និងសហភាពអឺរ៉ុប ដែលនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការជួបជុំគ្នាកម្រិតកំពូលលើកដំបូងបង្អស់ រវាងប្លុកអឺរ៉ុប និងប្រទេសម៉ិកស៊ិក ក្នុងរយៈពេល ១១ឆ្នាំកន្លងមកនេះ ។
ដោយឡែក សម្រាប់ភាគីម៉ិកស៊ិកវិញ លោករដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក បានសង្កត់ធ្ងន់ជាថ្មីថា ជំហររបស់ប្រទេសម៉ិកស៊ិក គឺការគោរពសិទ្ធិស្វ័យសម្រេចរបស់ប្រជាពលរដ្ឋ និងការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី ព្រមទាំងបានប្រកាសគាំទ្រជាថ្មីដល់ប្រទេសគុយបា។ លោក វីឡាស្កូ បានថ្លែងថា «យើងបានព្រមព្រៀងគ្នាលើសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការមនុស្សធម៌ ដើម្បីជួយឱ្យប្រជាជនគុយបា អាចទទួលបានសេវាបំរើការរស់នៅជាមូលដ្ឋាន ដែលជួយឱ្យពួកគេមានជីវភាពរស់នៅដ៏សមរម្យដូចដែលមនុស្សគ្រប់រូបសមនឹងទទួលបាន» ។
គួររំឭកថា នៅក្នុងឆ្នាំនេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើបណ្ដាប្រទេសទាំងឡាយណាដែលផ្គត់ផ្គង់ប្រេងកាតទៅឱ្យប្រទេសគុយបា ដែលសកម្មភាពនេះ បានបណ្តាលឱ្យគុយបាជួបវិបត្តិដាច់ចរន្តអគ្គិសនីពាសពេញប្រទេស។ ជាងនេះទៅទៀត អតីតប្រធានាធិបតីគុយបា លោក រ៉ាអ៊ូល ខាសស្រ្តូ (Raul Castro) ក៏ត្រូវបានក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិក ចេញដីកាចោទប្រកាន់ជាផ្លូវការកាលពីថ្ងៃពុធ ពីបទ «មនុស្សឃាត» ផងដែរ ដែលរដ្ឋាភិបាលគុយបា បានចេញមុខបដិសេធ និងប្រឆាំងដាច់ខាតចំពោះការចោទប្រកាន់នេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.