ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ប្រកាសផ្តល់អាទិភាពកំពូល ក្នុងការជំរុញជំនួយបច្ចេកទេសយោធាជាមួយវៀតណាម

image


 
រុស្ស៊ី៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក អាន់ដ្រេ បេលូសូវ (Andrei Belousov) បានបើកកិច្ចប្រជុំកំពូលយោធាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិវៀតណាម លោក ផាន វ៉ាន់ យ៉ាង (Phan Van Giang) នៅក្នុងទីក្រុងម៉ូស្គូ កាលពីថ្ងៃព្រហស្បតិ៍ ក្រោមពិធីទទួលស្វាគមន៍យ៉ាងអធិកអធម ។
 
នៅក្នុងជំនួបនោះ មេដឹកនាំយោធារុស្ស៊ី សង្កត់ធ្ងន់ថា វៀតណាមគឺជាដែនដីយុទ្ធសាស្ត្រ និងជាដៃគូដ៏គួរឱ្យទុកចិត្តបំផុតរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយឡែកទំនាក់ទំនងទ្វេភាគីនេះ ត្រូវបានកសាងឡើងដោយផ្អែកលើប្រពៃណី និងមិត្តភាពរឹងមាំតាំងពីដើមរៀងមក ។
 
ទន្ទឹមនឹងនេះ ភាគីរុស្ស៊ី បានចាត់ទុកដំណើរទស្សនកិច្ចកម្រិតខ្ពស់របស់រដ្ឋមន្ត្រីការពារជាតិវៀតណាមលើកនេះ ថាជាជំហានដ៏សំខាន់ និងជាចំណែកមិនអាចខ្វះបាន ក្នុងការជំរុញដល់ទំនាក់ទំនងរដ្ឋបាល ព្រមទាំងប្រកាសផ្តល់អាទិភាពកំពូលក្នុងការបង្កើនកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសយោធាទ្វេភាគីរួមគ្នា ។
 
ជាការឆ្លើយតប លោក ផាន វ៉ាន់ យ៉ាង (Phan Van Giang) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍ និងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចមកកាន់ទីក្រុងម៉ូស្គូ មានអត្ថន័យជ្រាលជ្រៅជាប្រវត្តិសាស្ត្រ ព្រោះព្រឹត្តិការណ៍នេះ កើតឡើងចំខែឧសភា ដែលជាខែនៃការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះដ៏អស្ចារ្យរបស់កងទ័ពសូវៀតលើរបបណាស៊ី ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video.