ឥណ្ឌូណេស៊ីថ្កោលទោសចំពោះទង្វើអមនុស្សធម៌របស់អ៊ីស្រាអ៊ែល ដែលប្រឆាំងនឹងក្បួននាវាដឹកជំនួយទៅតំបន់ហ្គាហ្សា
ឥណ្ឌូណេស៊ី៖ ក្រសួងការបរទេសឥណ្ឌូណេស៊ី តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ី លោកស្រី អ៊ីវ៉ន វ៉េវ៉េងកាំង (Yvonne Wewengkang) កាលពីពេលថ្មីៗនេះ បានចេញមុខប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពយោធារបស់អ៊ីស្រាអ៊ែល ដែលបានបើកការស្ទាក់ចាប់ និងបង្ក្រាបលើក្បួននាវាស៊ីវិលដឹកជំនួយមនុស្សធម៌ គ្លូប៊ល ស៊ូមូដ ហ្វ្លូធីឡា (Global Sumud Flotilla/ GSF) នៅក្នុងដែនទឹកអន្តរជាតិ ដោយចាត់ទុកទង្វើនេះ ថាជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ។
ប្រតិកម្មអន្តរជាតិបានផ្ទុះឡើងយ៉ាងក្តៅគគុក បន្ទាប់ពីមានការបែកធ្លាយនូវរូបភាពវីដេអូដែលបង្ហាញពីសកម្មជនមនុស្សធម៌ ត្រូវបានកងទ័ពអ៊ីស្រាអ៊ែលបង្ខំឱ្យលុតជង្គង់ដោយចងដៃទៅក្រោយ ដែលទង្វើអមនុស្សធម៌នេះ បានធ្វើឱ្យប្រទេសជាច្រើនខឹងសម្បារ រហូតឈានដល់ការកោះហៅឯកអគ្គរដ្ឋទូតអ៊ីស្រាអ៊ែលប្រចាំប្រទេសរៀងៗខ្លួនមកស្តីបន្ទោស និងតវ៉ាថែមទៀតផង ។
ជុំវិញវិបត្តិនេះ ទីក្រុងហ្សាកាតា បានបញ្ជាក់ថា សកម្មជនជនជាតិឥណ្ឌូណេស៊ីទាំង ៩ នាក់ដែលត្រូវអ៊ីស្រាអ៊ែលចាប់ខ្លួននោះ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ ស្របពេលរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បានជជែកពិភាក្សាការទូតជាបន្ទាន់ជាមួយតួកគីយ៉េ និងហ្សកដានី ដើម្បីធានាដល់កិច្ចការពារសុវត្ថិភាពប្រជាពលរដ្ឋជាអាទិភាពកំពូល ។
ទោះបីជាអ៊ីស្រាអ៊ែល ចេញមុខការពារខ្លួនថា ការបិទខ្ទប់សមុទ្រ និងការឃាត់ខ្លួនមនុស្សសរុបចំនួន ៤២៨ នាក់នៅលើដែនទឹកអន្តរជាតិនេះ ធ្វើឡើងត្រឹមត្រូវតាមច្បាប់ក្តី ប៉ុន្តែសម្ពាធអន្តរជាតិបានបង្ខំឱ្យអាជ្ញាធរអ៊ីស្រាអ៊ែល សម្រេចដោះលែងសកម្មជនអន្តរជាតិទាំងអស់នោះវិញ និងបានបញ្ជូនពួកគេតាមយន្តហោះទៅកាន់ប្រទេសតួកគីយ៉េ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ AA