លោកត្រាំ៖ សហរដ្ឋអាម៉េរិកកំពុងតែបើកការចរចាដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយដែលបង្ការមិនឱ្យកើតមានសង្គ្រាមនុយក្លេអ៊ែរ
សហរដ្ឋអាម៉េរិក៖ ស្ថិតនៅឯសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសក្តែងៗទៅកាន់ក្រុមអ្នកកាសែតថា សហរដ្ឋអាម៉េរិកកំពុងតែបើកការចរចាដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយក្នុងគោលបំណងរារាំងអ៊ីរ៉ង់មិនឱ្យសម្រេចបាននូវមហិច្ឆតាអាវុធនុយក្លេអ៊ែរជាដាច់ខាត ។
លោកបានលើកឡើងបន្ថែមទៀតថា ប្រសិនបើយើងមិនអាចទប់ស្កាត់បាននាពេលនេះទេ នោះមហិច្ឆតារបស់អ៊ីរ៉ង់ នឹងបង្កជាសង្គ្រាមនុយក្លេអ៊ែរដែលអាចបំផ្លិចបំផ្លាញតំបន់មជ្ឈិមបូព៌ា ហើយនឹងរាលដាលមកដល់ទឹកដីអាម៉េរិក និងអឺរ៉ុបជាក់ជាមិនខានឡើយ ។
មេដឹកនាំអាម៉េរិករូបនេះ បង្ហើបថា លោកធ្លាប់បានត្រៀមខ្លួនរួចជាស្រេច ដោយខ្វះតែមួយម៉ោងប៉ុណ្ណោះ ក្នុងការបញ្ជាឱ្យបើកការវាយប្រហារយោធាទៅលើអ៊ីរ៉ង់ ខណៈដែលបច្ចុប្បន្នភាព ទោះបីជាមានការប្រកាសឈប់បាញ់កាលពីខែមេសា ក្រោមការសម្របសម្រួលពីប្រទេសប៉ាគីស្ថានក្តី ប៉ុន្តែវិបត្តិនៃការបិទខ្ទប់កំពង់ផែ និងការបិទច្រកសមុទ្រយុទ្ធសាស្ត្រ ហ័រមូស (Hormuz) នៅតែមានភាពតានតឹងខ្លាំង ។
គួរបញ្ជាក់ដែរថា ការថ្លែងសារនយោបាយការបរទេសដ៏ក្ដៅគគុកប្រឆាំងនឹងទីក្រុងតេហ៍រ៉ង់នាពេលនេះ បានធ្វើឡើងនៅក្នុងកំឡុងដែលលោក ត្រាំ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសគោលនយោបាយថ្មីរបស់ទីភ្នាក់ងារការពារបរិស្ថានអាម៉េរិក ជុំវិញការសម្រេចបន្ធូរបន្ថយច្បាប់រឹតបន្តឹងលើការបំភាយឧស្ម័នផ្ទះកញ្ចក់ចេញពីទូទឹកកក និងម៉ាស៊ីនត្រជាក់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ iStock