គណៈកម្មការទី១ រដ្ឋសភា ចុះសិក្សាស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់អាជ្ញាធរខេត្តព្រៃវែង
ព្រៃវែង៖ លោក សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំប្រតិភូ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ឯកឧត្ដម ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង ព្រមទាំងប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ដើម្បីសិក្សាស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់អាជ្ញាធរខេត្ត។
ក្នុងឱកាសនោះ លោក សរ ចំរុង មានប្រសាសន៍ថា ការចុះបំពេញបេសកកម្មរបស់គណៈកម្មការនាពេលនេះ គឺដើម្បីតាមដានការអនុវត្តច្បាប់ និងស្វែងយល់អំពីវឌ្ឍនភាពការងារនៅថ្នាក់ក្រោមជាតិ ឱ្យស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបពិភាក្សានោះដែរ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពទូទៅ និងលទ្ធផលដែលខេត្តសម្រេចបាន។ ពាក់ព័ន្ធបញ្ហាទំនាស់ដីធ្លីអាជ្ញាធរខេត្ត បានធ្វើការសម្របសម្រួលដោះស្រាយរឿងវិវាទក្រៅប្រព័ន្ធតុលាការ ដោយពិនិត្យលើសំណុំរឿង និងប្រើយន្តការគណៈកម្មការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការថ្នាក់ខេត្ត និងយន្តការគណៈកម្មាធិការសុរិយោដីខេត្ត ធ្វើការពិនិត្យ និងរៀបចំកម្មវិធីដោះស្រាយ សម្របសម្រួលវិវាទជូនប្រជាពលរដ្ឋប្រកបដោយភាពស្និតស្នាល និងភាពកក់ក្តៅ ដែលប្រជាពលរដ្ឋ បានយល់ពីនីតិវិធីក្នុងសម្របសម្រួលរបស់គណៈកម្មាធិការដែលជាយន្តការរបស់រដ្ឋបាលខេត្ត។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានលើកឡើងអំពីបញ្ហាប្រឈមករណីរដ្ឋបាលជលផលប្តឹងជំទាស់ការវាសវែងដីធ្លីជាប្រព័ន្ធជូនប្រជាពល រដ្ឋលើក្បាលដីលំនៅឋាន និងកសិកម្ម ដោយប្តឹងជំទាស់ទាំងស្រុង និងប្តឹងជំទាស់ដោយផ្នែកមានជំទាស់ ទាំងស្រុងចំនួន ២០ភូមិ ត្រូវនឹង ៧ឃុំ ស្មើនឹង ៣ស្រុកស្មើនឹង ២១,៤៩៧ ក្បាលដី សរុប ១០,៨៣៩ ហិកតា និងជំទាស់មួយផ្នែក៦២ភូមិ ត្រូវនឹង ១៧ឃុំ ស្មើនឹង ៥ស្រុកស្មើនឹង ១៦,៣៩១ ក្បាលដី សរុប ១១,០០២ ហិកតា។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានជម្រុញដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយ និងសម្របសម្រួលវិវាទនៅក្រៅប្រព័ន្ធតុលាការ តាមរយៈយន្តការសម្របសម្រសម្រួលនៅថ្នាក់ឃុំ សង្កាត់ ក្រុង ស្រុក និង ថ្នាក់ខេត្ត ឱ្យអស់ពីលទ្ធភាពក្នុងការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ។
អត្ថបទ៖ តែ ផានិត