ព័ត៌មានជាតិ

លោក ជា សុផារ៉ា ណែនាំដល់សមាជិកបក្សនៅស្រុកក្រូចឆ្មារ ត្រូវធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធរដ្ឋបាល ព្រមទាំងទិន្នន័យមន្ត្រីបក្សគ្រប់លំដាប់ថ្នាក់ ឱ្យបានច្បាស់លាស់

image

ត្បូងឃ្មុំ៖ លោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សថ្នាក់កណ្តាល ថ្នាក់ដឹកនាំគណបក្សស្រុក គណបក្សមូលដ្ឋានឃុំ និងសាខាបក្សវិទ្យាល័យ នៅស្នាក់ការគណបក្សស្រុកក្រូចឆ្មារ។


ក្នុងឱកាសនោះ លោក ជា សុផារ៉ា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងថ្នាក់ដឹកនាំបក្សគ្រប់ជាន់ថ្នាក់ ក្នុងការខិតខំបម្រើប្រជាពលរដ្ឋ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងបានយ៉ាងល្អប្រសើរ។ លោក ថា ការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់នៅក្នុងមូលដ្ឋានស្រុកក្រូចឆ្មារ គឺបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ។


លោកប្រធាន បានគូសបញ្ជាក់ថា សមិទ្ធផលធំធេងទាំងនេះ គឺកើតចេញពីការរួមចំណែករបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រហូតដល់សមាជិកបក្សម្នាក់ៗ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ព្រមទាំងធនធាន ថវិកា និងសម្ភារៈយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុគណបក្សប្រជាជនកម្ពុជា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជន។


លោក ក៏បានរំលឹកដល់សមាជិកបក្សទាំងអស់ ត្រូវស្វែងយល់ឱ្យបានច្បាស់លាស់អំពីប្រវត្តិ លក្ខន្តិកៈ និងស្នាដៃជាប្រវត្តិសាស្ត្ររបស់គណបក្ស ជាពិសេសសមិទ្ធផលនានា ដែលសម្រេចបានជូនជាតិមាតុភូមិ ព្រមទាំងត្រូវប្តេជ្ញាចិត្តខ្ពស់ ក្នុងការការពាររាល់សមិទ្ធផលប្រវត្តិសាស្ត្រទាំងនោះ ឱ្យបានគង់វង្ស។


លោក ជា សុផារ៉ា ក៏បានផ្តល់ប្រសាសន៍ណែនាំ និងជម្រុញយ៉ាងម៉ឺងម៉ាត់ ដល់សមាជិកបក្សទាំងអស់ ត្រូវរៀបចំ និងធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធរដ្ឋបាល ព្រមទាំងទិន្នន័យមន្ត្រីបក្សគ្រប់លំដាប់ថ្នាក់ ឱ្យបានច្បាស់លាស់ ហ្មត់ចត់ និងទាន់ពេលវេលា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការដឹកនាំ និងចាត់តាំងការងារ ។ ជាមួយគ្នានេះ ត្រូវបើកចិត្តទូលាយ ស្វែងយល់ និងចូលរួមគាំទ្រការអនុវត្តប្រព័ន្ធឌីជីថល ក្នុងការគ្រប់គ្រង ក៏ដូចជាការផ្សព្វផ្សាយព័ត៌មាន ដើម្បីដើរឱ្យទាន់ការវិវត្តនៃសង្គមសម័យថ្មី ស្របតាមគោលនយោបាយ និងផែនការសកម្មភាពឌីជីថលរបស់បក្ស ។


បន្ថែមលើនេះ លោកប្រធានក្រុមការងារខេត្ត បានគូសបញ្ជាក់ ដល់សមាជិកបក្សទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំបញ្ជីព្រៀងបេក្ខភាពសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ដោយត្រូវពិនិត្យ និងវាយតម្លៃឱ្យបានហ្មត់ចត់ លើសមត្ថភាព គុណធម៌ គុណវុឌ្ឍិ និងសក្តានុពលជាក់ស្តែង របស់បេក្ខជនម្នាក់ៗ សំដៅជ្រើសរើសបុគ្គលដែលមានប្រៀបឈ្នះ និងទទួលបានការស្រឡាញ់គាំទ្រយ៉ាងពិតប្រាកដ ពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕
អត្ថបទ៖ សុខ ផន