អ្នកតវ៉ាជាច្រើននាក់ នៅឥណ្ឌូណេស៊ី ចេញតវ៉ាប្រឆាំងនឹងអ៊ីស្រាអ៊ែល ដែលបើកការបង្ក្រាប និងចាប់ខ្លួនក្រុមសកម្មជនមនុស្សធម៌អន្តរជាតិ
ឥណ្ឌូណេស៊ី៖ ក្រុមអ្នកតវ៉ាជាច្រើននាក់បានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ដើម្បីបង្កើតយុទ្ធនាការបាតុកម្មប្រចាំសប្តាហ៍ ប្រឆាំងដាច់ខាតទៅនឹងសកម្មភាពរបស់កងទ័ពអ៊ីស្រាអ៊ែល ដែលបើកការបង្ក្រាប និងចាប់ខ្លួនក្រុមសកម្មជនមនុស្សធម៌អន្តរជាតិ នៅក្នុងក្បួននាវាដឹកជំនួយទៅកាន់តំបន់ហ្គាហ្សា ។
នៅក្នុងព្រឹត្តិការណ៍នោះ អតីតអ្នកកាសែតម្នាក់ ដែលធ្លាប់ចូលរួមនៅក្នុងបេសកកម្មនេះ បានជំរុញឱ្យរដ្ឋាភិបាលឥណ្ឌូណេស៊ី ត្រូវប្រើប្រាស់គ្រប់វិធី និងគ្រប់ច្រកផ្លូវដែលអាចធ្វើទៅបាន បើទោះបីជាឥណ្ឌូណេស៊ីមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយអ៊ីស្រាអ៊ែលក្តី ដើម្បីដាក់សម្ពាធទៅលើទីក្រុងតែលអាវីវ ឱ្យដោះលែងមនុស្សទាំងអស់ជាបន្ទាន់ ។
គួរបញ្ជាក់ថា ស្ថានភាពនេះ កាន់តែឡើងកម្ដៅខ្លាំង និងរងការរិះគន់ពាសពេញពិភពលោក បន្ទាប់ពីរដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអ៊ែល បានបង្ហោះវីដេអូដៀមដាមទៅកាន់ក្រុមសកម្មជនមនុស្សធម៌ដែលត្រូវបានចាប់ឃាត់ខ្លួនដោយកងកម្លាំងអ៊ីស្រាអ៊ែល នៅក្នុងប្រតិបត្តិការស្ទាក់ចាប់នាវាជំនួយចំនួន ៥០ គ្រឿង និងឃាត់ខ្លួនមនុស្ស ៤២៨ នាក់ ។
ជាលទ្ធផល ក្រោមសម្ពាធការទូត និងការចេញសេចក្តីថ្លែងការណ៍រួមថ្កោលទោសពីសំណាក់ឥណ្ឌូណេស៊ី និងបណ្ដាប្រទេសជាមិត្តជាច្រើនទៀត ភាគីអ៊ីស្រាអ៊ែល ក៏បានបានយល់ព្រមដោះលែងសកម្មជនទាំងអស់ រួមទាំងជនជាតិឥណ្ឌូណេស៊ី ៥ នាក់ចុងក្រោយ ឱ្យឡើងយន្តហោះចេញទៅកាន់ប្រទេសតួកគីយ៉េវិញប្រកបដោយសុវត្ថិភាព ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.