សង្គម

កម្ពុជា ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ គម្រោង “ការពង្រឹងប្រព័ន្ធថ្នាក់ជាតិដើម្បីដោះស្រាយ និងទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ” ដោយអនុវត្តនៅខេត្តគោលដៅចំនួន៥

image


ភ្នំពេញ៖ គម្រោង “ការពង្រឹងប្រព័ន្ធថ្នាក់ជាតិដើម្បីដោះស្រាយ និងទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅព្រះរាជាណាចក្រកម្ពុជា” ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីលោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។

លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី មានប្រសាសន៍ថា គម្រោងនេះមានគោលបំណង កាត់បន្ថយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងលើកកម្ពស់សមភាពយេនឌ័រ ដោយពង្រឹងក្របខណ្ឌគោលនយោបាយ និងសេវាគាំទ្រដល់ជនងាយរគ្រោះជនរួចរស់ពីអំពើហិង្សា ដោយផ្តោតលើ៖ ១) ពង្រឹងប្រព័ន្ធអភិបាលកិច្ចសម្រាប់ឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ, ២)បង្កើនសមត្ថភាពស្ថាប័ន សម្រាប់សេវាឆ្លើយតបជាមូលដ្ឋានសម្រាប់ករណីអំពើហិង្សាទាក់ទង នឹងយេនឌ័រ និង៣)ពង្រឹងយន្តការបង្ការទប់ស្កាត់ ករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
លោកស្រីរដ្ឋមន្ត្រី បានបន្តថា គម្រោងនេះ ទទួលបានការគាំទ្រហិរញ្ញប្បទានឥតសំណង ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ដែលមានថវិកាសរុប ១០.៧៤ លានដុល្លារអាម៉េរិក ក្នុងនោះ ADB៖ ១០ លាន និងរាជរដ្ឋាភិបាល៖ ០.៧៤ លានដុល្លារ។

បើតាមការបញ្ជាក់ពីលោកស្រី យ៉ាស្ទីន ស៊ីដឌីឈី នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កម្ពុជា គឺជាប្រទេសទី១ នៅលើពិភពលោក ដែល ADB ផ្តល់ជំនួយឥតសំណង ដើម្បីកាត់បន្ថយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងលើកកម្ពស់សមភាពយេនឌ័រ ដោយពង្រឹងក្របខណ្ឌគោលនយោបាយ និងសេវាគាំទ្រដល់ជនងាយរគ្រោះជនរួចរស់ពីអំពើហិង្សានេះ។

លោកស្រី ញាណ សុចិត្រា អគ្គនាយកនៃក្រសួងកិច្ចការនារី និងជាប្រធានគ្រប់គ្រង គម្រោងការពង្រឹងប្រព័ន្ធថ្នាក់ជាតិដើម្បីដោះស្រាយ និងទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅកម្ពុជានេះ បានបញ្ជាក់ថា មូលហេតុដែល ADB សម្រេចផ្តល់ការគាំទ្រហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ដោយសារធនាគារយល់ឃើញថា កម្ពុជា បានអនុវត្តការងារល្អនាពេលកន្លងមក ទាក់ទងនឹងការដោះស្រាយ និងទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។

សូមជម្រាបថា គម្រោងនេះដឹកនាំអនុវត្ត ដោយក្រសួងកិច្ចការនារី ជាភ្នាក់ងារប្រតិបត្តិ រួមជាមួយក្រសួងមហាផ្ទៃ ជាភ្នាក់ងារអនុវត្ត ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ប្រជាជន (UNFPA) និងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលផ្សេងទៀត ដោយនឹងអនុវត្តនៅខេត្តគោលដៅចំនួន ៥ រួមមាន៖ កំពត បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងកំពង់ធំ និង ១៤ ស្រុកគោលដៅ និងជួសជុលកែលម្អ/សាងសង់មណ្ឌលសុវត្ថិភាព សម្រាប់ស្ត្រីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី