ព័ត៌មានអន្តរជាតិ

អឺរ៉ុបគ្រោងបង្កើនលុយជំនួយទ្វេដងដល់កោះគ្រីនលែន ដើម្បីដណ្តើមឥទ្ធិពលនៅក្នុងតំបន់ប៉ូលខាងជើង

image


អឺរ៉ុប៖ សហភាពអឺរ៉ុប បានប្រកាសពីផែនការដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃពុធ ក្នុងការបង្កើនកញ្ចប់ថវិកាជំនួយសម្រាប់កោះគ្រីនលែន (Greenland) ក្នុងទំហំចន្លោះពី ២២៥ លានអឺរ៉ូ រហូតដល់ ៥៣០ លានអឺរ៉ូ ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន ចំពេលដែលមានការប្រជែងគ្នាយ៉ាងខ្លាំងជាមួយសហរដ្ឋអាម៉េរិក ដើម្បីដណ្តើមឥទ្ធិពលនៅក្នុងតំបន់អាកទិក (ប៉ូលខាងជើង) ។
 
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ដែនកោះនោះ ស្នងការអឺរ៉ុបទទួលបន្ទុកដៃគូអន្តរជាតិ លោក ជូសែហ្វ ស៊ីកេឡា (Jozef Sikela) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅក្នុងទីក្រុងនូក (Nuuk) ជាមួយនាយករដ្ឋមន្ត្រីកោះគ្រីនលែន លោក ជេនស៍-ហ្វ្រេដឺរិក នីលសេន (Jens-Frederik Nielsen) ដោយគូសបញ្ជាក់ថា ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ នឹងយកទៅវិនិយោគផ្ទាល់លើវិស័យសំខាន់ៗ រួមមានថាមពល ការអប់រំ និងការអភិវឌ្ឍធនធានធម្មជាតិ ដោយផ្អែកលើការសម្រេចចិត្តរួមគ្នា រវាងអឺរ៉ុប និងរដ្ឋាភិបាលក្នុងស្រុករបស់កោះគ្រីនលែន ។
 
ទោះជាយ៉ាងណាក្ដី នាយករដ្ឋមន្ត្រីកោះគ្រីនលែន លោក ជេនស៍-ហ្វ្រេដឺរិក នីលសេន (Jens-Frederik Nielsen) បានចេញមុខទាត់ចោលនូវការយល់ឃើញថា «ការចាប់ដៃជាមួយអឺរ៉ុបលើកនេះ គឺជាការផ្ញើសារឌឺដង ឬផ្លែផ្កាផ្នែកនយោបាយទៅកាន់លោក ដូណាល់ ត្រាំ» ដោយលោកអះអាងថា វាគ្រាន់តែជាកិច្ចសហប្រតិបត្តិការដែលមានគម្រោងតាំងពីយូរមកហើយ ។
 
មេដឹកនាំកោះគ្រីនលែនរូបនេះ ក៏បានបង្ហើបផងដែរពីទំនាក់ទំនងជាមួយក្រុងវ៉ាស៊ីនតោន ដោយលោកទទួលស្គាល់ថា ភាគីទាំងពីរមានក្រុមការងារចរចាគ្នាជាបន្តបន្ទាប់ និងមានការយល់ពីគ្នាខ្លះៗដែរ ប៉ុន្តែរហូតមកទល់នឹងពេលនេះ ដំណើរការចរចានោះ នៅមិនទាន់ឈានដល់ខ្សែបន្ទាត់បញ្ចប់ ឬទទួលបានលទ្ធផលផ្លូវការណាមួយនៅឡើយទេ ។
 
ព្រឹត្តិការណ៍នេះ កើតឡើងចំពេលដែលអ្នកតំណាងពិសេសរបស់លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់កោះគ្រីនលែនដូចគ្នា ខណៈដែលប្រធានាធិបតីអាម៉េរិករូបនេះ នៅតែបន្តមហិច្ឆតារុញច្រានផែនការទិញយកកោះគ្រីនលែនទាំងមូល ដើម្បីធ្វើជាខ្នងបង្អែកយោធានិងភូមិសាស្ត្រនយោបាយ ក្នុងការទប់ទល់នឹងឥទ្ធិពលរបស់ចិន និងរុស្ស៊ី ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Shutter Stock/ (Shutter Stock/ Muratart via Daily Mail on Microsoft Bing).