ព័ត៌មានអន្តរជាតិ

លោកត្រាំ ទុកពេលឱ្យអ៊ីរ៉ង់ពីរបីថ្ងៃទៀត ដើម្បីចរចាសន្តិភាព និងកោតសរសើរក្រុមចរចាអ៊ីរ៉ង់ជំនាន់ថ្មី ថាមានហេតុផល និងឆ្លាតវៃជាងមេដឹកនាំមុនៗ

image


សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចេញមុខព្រមានកាលពីថ្ងៃពុធថា យោធាអាម៉េរិកកំពុងស្ថិតក្នុងស្ថានភាពត្រៀមលក្ខណៈវាយប្រហារគ្រប់ពេលវេលា បើសិនមិនទទួលបានចម្លើយយល់ព្រម ១០០ % ពីភាគីអ៊ីរ៉ង់ក្នុងការចរចាសន្តិភាពនោះទេ ប៉ុន្តែលោកសុខចិត្តរង់ចាំពីរបីថ្ងៃបន្ថែមទៀតក៏បានដែរ ប្រសិនបើវាអាចជួយបញ្ចៀសសង្គ្រាម និងសង្គ្រោះជីវិតមនុស្ស ។
 
ទន្ទឹមនឹងការដាក់ឱសានវាទនេះ លោក ដូណាល់ ត្រាំ បានសម្តែងការកោតសរសើរដោយបើកចំហចំពោះក្រុមមន្ត្រីចរចាជំនាន់ថ្មីរបស់អ៊ីរ៉ង់ ថាជាមនុស្សមានហេតុផល សមត្ថភាព និងខួរក្បាលឆ្លាតវៃជាងមេដឹកនាំមុនៗ ដែលចំណុចនេះបានធ្វើឱ្យលោកមានសង្ឃឹមខ្លះៗថា ភាគីទាំងពីរអាចនឹងឈានទៅដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពដ៏ល្អមួយសម្រាប់គ្រប់ភាគី ។
 
ទោះជាយ៉ាងណាក្ដី មេដឹកនាំអាម៉េរិករូបនេះ បានទាត់ចោលទាំងស្រុងនូវការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ដែលថាអាម៉េរិកបានលួចផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចលើប្រេងកាតឱ្យទៅអ៊ីរ៉ង់ជាថ្នូរនឹងការចរចា ដោយលោកសង្កត់ធ្ងន់ថា នឹងគ្មានការលើកលែងទណ្ឌកម្មណាមួយឡើយ រហូតទាល់តែអ៊ីរ៉ង់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការ ។
 
ជាចុងក្រោយ លោក ត្រាំ បានធ្វើការកោតសរសើរពីភាពជោគជ័យនៃយុទ្ធសាស្ត្របិទខ្ទប់ផ្លូវទឹកពីសំណាក់កងទ័ពអាម៉េរិក ដោយអះអាងថា ប្រព័ន្ធការពារ គឺមានភាពរឹងមាំដូចដែកថែប ពោលគឺគ្មានកប៉ាល់ណាមួយអាចលបលួចបើកឆ្លងកាត់បានឡើយ ដោយក្នុងនោះមានកប៉ាល់ចំនួន ៣៧ គ្រឿងធ្លាប់បានសាកល្បងព្យាយាមដោយផ្សងព្រេងរួចហើយ ប៉ុន្តែក៏ត្រូវទទួលរងនូវការបង្ក្រាបរហូតដល់រាងចាលគ្រប់ៗគ្នា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ foxnews on Microsoft Bing/ VIORY/ nytimes on Microsoft Bing