ឥណ្ឌា និងអ៊ីតាលី គ្រោងជំរុញទំហំពាណិជ្ជកម្មឱ្យកើនឡើងដល់ ២០ ពាន់លានអឺរ៉ូ ត្រឹមឆ្នាំ២០២៩
អ៊ីតាលី៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្ទ្រ ម៉ូឌី ទទួលបាននូវការស្វាគមន៍យ៉ាងស្និទ្ធស្នាលជាទីបំផុត ពីសំណាក់លោកស្រីនាយករដ្ឋមន្ត្រី លោកស្រី ចចា មេឡូនី (Giorgia Meloni) និងប្រធានាធិបតីអ៊ីតាលី លោក ស៊ែរចូ ម៉ាតតារេឡា (Sergio Mattarella) ព្រមទាំងសហគមន៍ជនជាតិឥណ្ឌាយ៉ាងច្រើនកុះករ ក្នុងឱកាសដែលលោកម៉ូឌី បានអញ្ជើញទៅដល់ទីក្រុងរ៉ូម ដែលជាដែនដីការទូតចុងក្រោយនៃដំណើរទស្សនកិច្ច ៥ ប្រទេស ។
នៅក្នុងជំនួបកំពូលដ៏មានអត្ថន័យនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានធ្វើសកម្មភាពការទូតយ៉ាងទន់ភ្លន់ និងទាក់ទាញ ដូចជាការរួមគ្នាដាំដើមឈើជានិមិត្តរូបសន្តិភាព ការដើរកម្សាន្តទស្សនាទីក្រុង និងទស្សនកិច្ចនៅឯវិមានប្រវត្តិសាស្ត្រ កូឡូហ្សេ (Colosseum) ព្រមទាំងឈានទៅដល់ការព្រមព្រៀងដំឡើងកម្រិតទំនាក់ទំនងទៅជា «ដៃគូយុទ្ធសាស្ត្រពិសេស» និងគ្រោងជំរុញទំហំពាណិជ្ជកម្មឱ្យឡើងដល់ ២០ ពាន់លានអឺរ៉ូ ត្រឹមឆ្នាំ២០២៩ ។
ដំណើរទស្សនកិច្ចរយៈពេលជិតមួយសប្តាហ៍របស់មេដឹកនាំឥណ្ឌារូបនេះ បានគ្របដណ្តប់លើប្រទេសសំខាន់ៗចំនួន ៥ រួមមានអារ៉ាប់រួម ហូឡង់ដ៍ ស៊ុយអែត ន័រវែស និងបញ្ចប់នៅឯប្រទេសអ៊ីតាលី ដែលយុទ្ធនាការការទូតដ៏ធំនេះ ធ្វើឡើងក្នុងគោលបំណងយុទ្ធសាស្ត្រស្នូល ក្នុងការស្វែងរកស្ថិរភាពសន្តិសុខថាមពល ការបើកចំហទីផ្សារពាណិជ្ជកម្មសេរី និងការចងសម្ព័ន្ធភាពបច្ចេកវិទ្យាកម្រិតខ្ពស់ជាមួយតំបន់មជ្ឈិមបូព៌ានិងអឺរ៉ុប ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.