ព័ត៌មានអន្តរជាតិ

របាយការណ៍ U.S. News៖ កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក ជាប្រទេសដែលឈានមុខគេខាងផ្នែកនិរន្តរភាពដីធ្លី និងការគ្រប់គ្រងធនធានធម្មជាតិ

image


 
កម្ពុជា៖ ផ្អែកតាមការចេញផ្សាយចំណាត់ថ្នាក់សកលលោកឆ្នាំ២០២៦ ដោយស្ថាប័នព័ត៌មានដ៏មានឥទ្ធិពលរបស់អាម៉េរិក U.S. News & World Report ប្រទេសកម្ពុជាបានសាងប្រវត្តិសាស្ត្រដ៏អស្ចារ្យ ដោយទទួលបានចំណាត់ថ្នាក់លេខ១ លើពិភពលោក ជាប្រទេសដែលឈានមុខគេខាងផ្នែក «និរន្តរភាពដីធ្លី និងការគ្រប់គ្រងធនធានធម្មជាតិ» ។
 
ការវាយតម្លៃជុំវិញចំណាត់ថ្នាក់អន្តរជាតិនេះ ធ្វើឡើងដោយផ្អែកលើលក្ខខណ្ឌបច្ចេកទេសតឹងរ៉ឹងជាច្រើន រួមមានកម្រិតនៃការបញ្ចេញឧស្ម័នកាបូន យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ ទំហំនៃតំបន់ការពារធម្មជាតិ ការធ្វើពាណិជ្ជកម្មបៃតងប្រកបដោយនិរន្តរភាព និងសមត្ថភាពច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាប្រឈមនៃកង្វះខាតទឹក ។
 
នៅក្នុងតារាងចំណាត់ថ្នាក់កំពូលទាំង១០ លើលោក កម្ពុជាបានឈរនៅលើកំពូលតារាង ដោយនាំមុខប្រទេសជឿនលឿន និងប្រទេសអឺរ៉ុបជាច្រើន ដូចជា ស្លូវេនី ប៉ារ៉ាហ្គាយ និងឡាតវី ខណៈដែលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ កម្ពុជាក៏បានឈរលើចំណាត់ថ្នាក់លេខ១ផងដែរ តាមពីក្រោយដោយប្រទេសឡាវ (ជាប់លេខ៦ លើលោក) និងមីយ៉ាន់ម៉ា (ជាប់លេខ១៦ លើលោក) ។
 
ដោយឡែក ប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមាន ប្រទេសថៃ ឈរនៅលំដាប់ទី៤៥ ស្របពេល ម៉ាឡេស៊ី លេខ៤៦, ហ្វីលីពីន លេខ៧១, វៀតណាម លេខ៧២, ឥណ្ឌូណេស៊ី លេខ៧៤ និងសិង្ហបុរី លេខ៩១ ។
 
យោងតាមប្រភពដើម ជោគជ័យនេះ បានបង្ហាញពីកិច្ចប្រឹងប្រែងរួមគ្នាយ៉ាងខ្លាំងក្លា ក្នុងការរក្សាតុល្យភាពរវាងការអភិវឌ្ឍរស់នៅបែបសម័យទំនើប ទៅនឹងការការពារគុណភាពខ្យល់ ព្រមទាំងការអភិរក្សជីវៈចម្រុះ ដែលធ្វើឱ្យកម្ពុជាក្លាយជាគំរូឈានមុខគេមួយលើលោក ក្នុងការធ្វើឱ្យមនុស្សជាតិ និងធម្មជាតិអាចរីកលូតលាស់ទៅមុខជាមួយគ្នាបានយ៉ាងល្អប្រសើរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ US News/ ទំព័រហ្វេសប៊ុក SEA infographic | រូបភាព៖ Ministry of Environment/ Screenshot from US News website/ Screenshot from Ministry of Tourism video/ Facebook SEA infographic.