កម្ពុជា និងអូស្ត្រាលី ប្រកាសដាក់ឱ្យដំណើរការកម្មវិធីចម្បងស្តីពីភាពធន់នឹងអាកាសធាតុ ដើម្បីគ្រប់គ្រងធនធានទឹកចម្រុះនៅក្នុងប្រទេសកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី បានរួមគ្នាដាក់ឱ្យដំណើរការជាផ្លូវការនូវ កម្មវិធីភាពជាដៃគូអូស្ត្រាលី-កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ (ACP4Climate) ដែលជាគំនិតផ្តួចផ្តើម ចម្បងមួយក្នុងការគាំទ្រដល់អភិបាលកិច្ចទឹកដែលមានភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងធនធាន ទឹកចម្រុះនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងពិធីដាក់ឱ្យដំណើរការកម្មវិធីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះ តំណាងមកពីក្រសួងនានា ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នសិក្សា អ្នកពាក់ព័ន្ធពីវិស័យឯកជន និងសហគមន៍មូលដ្ឋាន បានជួបជុំគ្នា ដើម្បីពិភាក្សាអំពីអាទិភាពសម្រាប់អភិបាលកិច្ចទឹក ដែលធន់នឹង អាកាសធាតុ និងឱកាសសម្រាប់កិច្ច សហប្រតិបត្តិការ។
ការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលកាន់តែខ្លាំងឡើងៗ ដល់ប្រព័ន្ធទឹកកសិកម្ម ជីវភាពរស់នៅរបស់ សហគមន៍នៅក្នុងប្រទេសកម្ពុជា។ ការពង្រឹងអភិបាលកិច្ចទឹក គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបង្កើន ភាពធន់ទៅនឹងទឹកជំនន់ គ្រោះរាំងស្ងួត និងការប្រែប្រួលអាកាសធាតុ។ ហេតុដូច្នេះហើយ តាមរយៈកម្មវិធី ACP4Climate រដ្ឋាភិបាលអូស្ត្រាលីនឹងជួយដល់ប្រទេសកម្ពុជា ក្នុងការពង្រឹងប្រព័ន្ធអភិបាលកិច្ចទឹក ការកែលម្អភាពធន់នឹងអាកាសធាតុ និងការលើកកម្ពស់ វិធីសាស្ត្រគ្រប់គ្រងធនធានទឹក ដែលប្រកបដោយបរិយាបន្ន និងមានការចូលរួមពីសហគមន៍នៅក្នុង អាងទន្លេសំខាន់ៗ រួមមានអាងទន្លេមេគង្គលើអាងទន្លេមេគង្គក្រោម និងអាងទន្លេសាប។
លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា វាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយរដ្ឋាភិបាលអូស្ត្រាលី ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ កម្ពុជា ដើម្បីពង្រឹងភាពធន់នឹង ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រង ធនធានទឹកប្រកបដោយចីរភាព។ កម្មវិធី ACP4Climate នឹងជួយពង្រឹងការសម្របសម្រួល ការរៀបចំផែនការ និងអភិបាលកិច្ចទឹក ដែលធន់ នឹងអាកាសធាតុដើម្បីគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា ក៏ដូចជាសុខុមាលភាពរបស់ប្រជា ជនផងដែរ។
លោករដ្ឋមន្ត្រី បានបន្តថា តាមរយៈកម្មវិធីនេះ យើងនឹងសហការជាមួយស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ស្ថាប័នសិក្សា ដៃគូវិស័យឯកជន និងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងការរៀបចំផែនការទឹកថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពង្រឹងការសម្របសម្រួល និងគាំទ្រដល់ដំណោះស្រាយការគ្រប់គ្រងទឹកប្រកប ដោយភាពធន់នឹងអាកាសធាតុ។
លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អូស្ត្រាលី គឺជាដៃគូដ៏ជិតស្និទ្ធរយៈពេលវែងរបស់កម្ពុជា ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព កំណើនសេដ្ឋកិច្ច និងការពង្រឹងភាពធន់។ កម្មវិធី ACP4Climate គឺជាជំពូកថ្មីមួយ ទៀតនៅក្នុងភាពជាដៃគូនេះ ក្នុងការជួយ ពង្រឹងអភិបាលកិច្ចទឹកគាំទ្រដល់សហគមន៍ដែលងាយរងគ្រោះ និងកសាងភាពធន់ទៅនឹងអាកាសធាតុ។
សូមបញ្ជាក់ថា តាមរយៈកម្មវិធី ACP4Climate រដ្ឋាភិបាលអូស្ត្រាលី និងកម្ពុជាបានបញ្ជាក់ជាថ្មីនូវភាពជាដៃគូ ដ៏យូរអង្វែង និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នឹង អាកាសធាតុរបស់កម្ពុជា តាមរយៈវិធីសាស្ត្រដែលដឹកនាំដោយសហគមន៍មូលដ្ឋាន កិច្ចសហប្រតិបត្តិការ និងសកម្មភាពអាកាសធាតុប្រកបដោយបរិយាបន្ន៕
អត្ថបទ៖ ចេង ឆហួត