គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញទស្សនកិច្ចនៅវិទ្យាស្ថានជាតិបេះដូងម៉ាឡេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងសេវាវេជ្ជសាស្ត្ររវាងប្រទេសទាំងពីរ
ម៉ាឡេស៊ី៖ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយឧកញ៉ា សាស្ត្រាចារ្យ វេជ្ជបណ្ឌិត តាន់ គឹមមេង សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា បានទៅទស្សនកិច្ចនៅ វិទ្យាស្ថានជាតិបេះដូងម៉ាឡេស៊ី (IJN) ក្នុងអំឡុងពេលទស្សនកិច្ចពាណិជ្ជកម្មនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីស្វែងយល់ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងសេវាវេជ្ជសាស្ត្ររវាងកម្ពុជា និងម៉ាឡេស៊ី។
គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ត្រូវបានទទួលស្វាគមន៍ពីលោកវេជ្ជបណ្ឌិត សៃហ្វុល អាស្មី យ៉ាហាយ៉ា ប្រធានផ្នែកគ្លីនិក និងវេជ្ជបណ្ឌិតឯកទេសជំងឺបេះដូងជាន់ខ្ពស់នៃ វិទ្យាស្ថានជាតិបេះដូងម៉ាឡេស៊ី។
លោកវេជ្ជបណ្ឌិត សៃហ្វុល អាស្មី យ៉ាហាយ៉ា បានជម្រាបជូនគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អំពីបរិក្ខារវេជ្ជសាស្ត្រទំនើបៗ ប្រព័ន្ធព្យាបាលជំងឺបេះដូងកម្រិតអន្តរជាតិ និងសេវាសុខាភិបាលផ្សេងៗរបស់វិទ្យាស្ថាន ។ លោក ក៏បានបង្ហាញអំពីជំនាញឯកទេសលើផ្នែកជំងឺបេះដូង ជំងឺបេះដូងកុមារ និងវះកាត់បេះដូង ដែលផ្តល់សេវាទាំងអ្នកជំងឺមនុស្សពេញវ័យ និងកុមារ។
លោកវេជ្ជបណ្ឌិត បានចែករំលែកអំពីចក្ខុវិស័យរបស់ខ្លួន ក្នុងការក្លាយខ្លួនជាមជ្ឈមណ្ឌលឧត្តមភាពសកលផ្នែកថែទាំជំងឺបេះដូង។ ជាមួយគ្នានេះ វិទ្យាស្ថាន ក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការផ្តល់សេវាថែទាំអ្នកជំងឺប្រកបដោយសុវត្ថិភាព និងគុណភាពខ្ពស់ ជំរុញការស្រាវជ្រាវ ការអភិវឌ្ឍបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្សជាបន្តបន្ទាប់។
ក្នុងឱកាសនោះ ឧកញ៉ា សាស្ត្រាចារ្យ វេជ្ជបណ្ឌិត តាន់ គឹមមេង បានជម្រាបជូនលោកលោកវេជ្ជបណ្ឌិត សៃហ្វុល អាស្មី យ៉ាហាយ៉ា អំពីវិស័យសុខាភិបាលឯកជនរបស់កម្ពុជា កំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដោយមានការវិនិយោគកាន់តែច្រើនលើមន្ទីរពេទ្យឯកជន គ្លីនិកឯកទេស សេវារោគវិនិច្ឆ័យ និងការចែកចាយឱសថ។ លោកវេជ្ជបណ្ឌិត បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជា កំពុងត្រូវការសេវាសុខាភិបាលដែលមានគុណភាពកាន់តែប្រសើរ ហើយវិស័យឯកជនក៏កំពុងឆ្លើយតបយ៉ាងសកម្មផងដែរ។ ទោះជាយ៉ាងណា ការកសាងប្រព័ន្ធសុខាភិបាលដ៏រឹងមាំ មិនអាចពឹងផ្អែកតែលើហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែត្រូវការចំណេះដឹង សមត្ថភាព បច្ចេកវិទ្យា និងភាពជាដៃគូអន្តរជាតិដែលអាចទុកចិត្តបានផងដែរ។
ឧកញ៉ា សាស្ត្រាចារ្យ វេជ្ជបណ្ឌិត តាន់ គឹមមេង បានបញ្ជាក់ថា ប្រតិភូកម្ពុជា មកទីនេះ ដើម្បីស្វែងរកឱកាសវិនិយោគរវាងភាគីពាក់ព័ន្ធក្នុងវិស័យសុខាភិបាលកម្ពុជា និងប្រព័ន្ធសុខាភិបាលរបស់ប្រទេសម៉ាឡេស៊ី។ ជាមួយគ្នានេះ លោក ក៏សង្ឃឹមថា នឹងអាចបង្កើតកិច្ចសហប្រតិបត្តិការជារចនាសម្ព័ន្ធជាមួយ វិទ្យាស្ថានជាតិបេះដូងម៉ាឡេស៊ី តាមរយៈប្រព័ន្ធបញ្ជូនអ្នកជំងឺ ការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេស កិច្ចសហការលើការផ្គត់ផ្គង់ឱសថ និងកិច្ចព្រមព្រៀងរយៈពេលវែង ដែលអាចនាំយកជំនាញ មកកាន់ប្រជាជនកម្ពុជា។
លោក បានបញ្ជាក់បន្ថែមថា អ្វីដែលសំខាន់បំផុត គឺមកទីនេះដើម្បីសិក្សា និងរៀនសូត្រ។ ប្រតិភូកម្ពុជា មានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើប្រព័ន្ធគ្រប់គ្រងគ្លីនិក ការគ្រប់គ្រងមន្ទីរពេទ្យ ការបញ្ចូលបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងដំណោះស្រាយសុខាភិបាលឌីជីថល ព្រមទាំងកម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍវិជ្ជាជីវៈរបស់វិទ្យាស្ថាននេះ។
សូមបញ្ជាក់ថា វិទ្យាស្ថានជាតិបេះដូងម៉ាឡេស៊ី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ និងត្រូវបានទទួលស្គាល់ថាជាមន្ទីរពេទ្យឯកទេសឈានមុខគេមួយរបស់ម៉ាឡេស៊ី លើការព្យាបាលជំងឺបេះដូង។ អស់រយៈពេលជាង ៣ទសវត្សរ៍កន្លងមក វិទ្យាស្ថាននេះ បានកសាងកេរ្តិ៍ឈ្មោះយ៉ាងរឹងមាំ ទាំងក្នុងប្រទេស និងតំបន់ ក្នុងការផ្តល់សេវាព្យាបាលប្រកបដោយគុណភាពខ្ពស់ បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប និងការថែទាំអ្នកជំងឺប្រកបដោយវិជ្ជាជីវៈ។
ជំនួបនេះ បានផ្តល់ឱកាសដ៏សំខាន់សម្រាប់ភាគីទាំងពីរ ក្នុងការផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត លើវិស័យទេសចរណ៍សុខាភិបាល ការវិនិយោគសុខាភិបាល ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការចែករំលែកចំណេះដឹងវេជ្ជសាស្ត្រ។
គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងការកោតសរសើរចំពោះការរីកចម្រើនរបស់ម៉ាឡេស៊ីលើវិស័យសុខាភិបាល និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វិទ្យាស្ថាននេះ ក្នុងនាមជាស្ថាប័នឈានមុខគេក្នុងតំបន់ លើការព្យាបាលជំងឺបេះដូង។
ទស្សនកិច្ចនេះក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សភាពាណិជ្ជកម្មកម្ពុជាក្រោមការចង្អុលបង្ហាញរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ក្នុងការពង្រីកភាពជាដៃគូអន្តរជាតិ ជំរុញការផ្លាស់ប្តូរវិនិយោគ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យយុទ្ធសាស្ត្រសំខាន់ៗ រួមមាន សុខាភិបាល ពាណិជ្ជកម្ម ការអប់រំ និងនវានុវត្តន៍៕