សង្គម

រដ្ឋមន្ត្រីសុខាភិបាល៖ សុខាភិបាលកម្ពុជា កំពុងដើរតួនាទីគំរូថ្នាក់តំបន់ និងកម្រិតសកល លើសុវត្ថិភាពអ្នកជំងឺ ស្តែងចេញពីលទ្ធផលសិក្សា ដែលអង្គការអន្តរជាតិ វាយតម្លៃទទួលស្គាល់គុណភាពសុខាភិបាល JCI

image


ទីក្រុងហ្សឺណែវ៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកស្រីបណ្ឌិត Neelam Dhingra អនុប្រធាន និងជាប្រធានទទួលបន្ទុកផ្នែកសុវត្ថិភាពអ្នកជំងឺសកល នៃអង្គការអន្តរជាតិ Joint Commission International (JCI) ដែលជាអង្គការវាយតម្លៃទទួលស្គាល់គុណភាពសុខាភិបាល ធំជាងគេនៅសហរដ្ឋអាមេរិក និងកម្រិតស្តង់ដារពិភពលោក។

ជំនួបនេះមានគោលបំណង បង្ហាញពីការបន្តពង្រីកកិច្ចសហការ នៃការរៀបចំទទួលស្គាល់ស្តង់ដារសុវត្ថិភាពអ្នកជំងឺ កម្រិតសកលសម្រាប់កម្ពុជា ដោយផ្តើមពីការចូលរួមឆ្លុះបញ្ចាំង និងអនុវត្តពីបណ្តាមន្ទីរពេទ្យជាតិ ហើយដែលនឹងត្រូវបន្តពង្រីក ដល់គ្រប់មន្ទីរពេទ្យសម្ព័ន្ធមេត្រី និងសហគមន៍។
កម្ពុជាបានសហការអនុវត្ត JCI-Patient Safety Pathways នៅកម្រិតជាតិ និងខេត្តមួយចំនួន តាមរយៈការសិក្សាពីក្រុមការងារ JCI លើមន្ទីរពេទ្យគំរូចំនួនបីរួចមកហើយ ដោយបានបញ្ចូលលក្ខណៈវិនិច្ឆ័យសុវត្ថិភាពអ្នកជំងឺ កម្រិតស្តង់ដារអន្តរជាតិនៃJCI ទៅក្នុងប្រព័ន្ធវាយតម្លៃគុណភាពមន្ទីរពេទ្យ (CHAS)។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើទស្សនវិស័យសុខាភិបាលថា «មិនមានគុណភាពទេ ប្រសិនបើសិនមិនមានសុវត្ថិភាព - No Quality without Safety» ដែល «សុវត្ថិភាពអ្នកជំងឺ» នេះគឺជាមូលដ្ឋានគ្រឹះដំបូងបង្អស់ (The 1st Pillar) សម្រាប់ការឈានទៅការបម្រើសេវាប្រកបដោយគុណភាព ប្រសិទ្ធភាព សក្ត័សិទ្ធិភាព និងសមធម៌ពិតប្រាកដ។

លោកស្រីបណ្ឌិត Neelam Dhingra បានសម្តែងការកោតសរសើរចំពោះចក្ខុវិស័យនៃភាពជាអ្នកដឹកនាំសុខាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ការសម្រេចចិត្តជានយោបាយគាំទ្រពេញទំហឹង លើសុវត្ថិភាពអ្នកជំងឺ សម្រាប់ប្រជាជនកម្ពុជា និងគ្រប់អ្នកជំងឺទាំងអស់នៅកម្ពុជា ដែលនេះជាគំរូសម្រាប់ពិភពលោក ហើយកម្ពុជាត្រូវត្រៀមខ្លួនយកបទពិសោធ នៃការអនុវត្តដ៏ល្អនេះ (Patient Safety Pathways Best Practices) មកបង្ហាញឱ្យពិភពលោកដឹង ត្បិតមានប្រទេសជាច្រើនទៀត ដែលចង់រៀនសូត្រដកពិសោធ ពីសុខាភិបាលកម្ពុជាផងដែរ។ លោកស្រីបញ្ជាក់បន្ថែមថា អង្គការទទួលស្គាល់គុណភាពអន្តរជាតិJCI បន្តនៅជាមួយកម្ពុជា បន្តគាំទ្រ និងផ្តល់ប្រឹក្សាជំនាញ៕

អត្ថបទ៖ សន ពិសិដ្ឋ